logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល ជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងក្រុង-ស្រុក ត្រូវខិតខំផ្តល់សេវាឱ្យកាន់តែល្អប្រសើរឡើង លុបបំបាត់ការកកស្ទះឯកសារ
139
29-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការបម្រើសេវាដោយអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកណ្ដាល និងក្រុង-ស្រុកទាំង១៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញឱ្យអង្គភាពច្រកចេញចូលតែមួយទាំងអស់ ត្រូវខិតខំដោះស្រាយនូវសេវាដែលមានការយឺតយ៉ាវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវរិះរករកមធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើឱ្យការបម្រើសេវាសាធារណៈកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រជាពលរដ្ឋ។


ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរម្លឹក និងជំរុញដល់មន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អថែមទៀត ដើម្បីធ្វើការងារផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ឆាប់រហ័ស និងត្រឹមត្រូវតាមការកំណត់របស់អង្គភាពច្រកចេញចូលតែមួយ ត្រូវរាយការណ៍ និងធ្វើរបាយការណ៍លំអិតអំពីការផ្ដល់សេវាផ្សេងៗ និងបញ្ហាប្រឈមនានារបស់អង្គភាពច្រកចេញចូលតែមួយជូនថ្នាក់ដឹកនាំខេត្តដើម្បីពិនិត្យតាមដាន និងជួយដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។  

ជាពិសេសក្នុងករណីការងារផ្នែកវិស័យណាមួយ មានភាពរាំងស្ទះត្រូវទំនាក់ទំនងជាមួយមន្ទីរអង្គភាពពាក់ព័ន្ធឱ្យជួយសម្រួលដោះស្រាយ ហើយក៏ត្រូវរាយការណ៍ជូនមករដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យអង្គភាពច្រកចេញចូលតែមួយខេត្តត្រូវរៀបចំក្រុមការងារ និងធ្វើកិច្ចសហការគ្នាជាមួយអង្គភាពច្រកចេញចូលតែមួយតាមបណ្ដាក្រុង-ស្រុកទាំង១៣ ចុះជួបផ្ទាល់ដល់មូលដ្ឋានជាមួយអ្នកដែលត្រូវទទួលសេវា ដើម្បីផ្សព្វផ្សាយ ពន្យល់ណែនាំ និងលើកទឹកចិត្តឱ្យពួកគាត់មកទទួលយកសេវារបស់អង្គភាពច្រកចេញចូលតែមួយនៅខេត្ត រឺក៏ក្រុង-ស្រុក តាមច្បាប់កំណត់ សំដៅងាយស្រួលដល់ការងារគ្រប់គ្រងរវាងអ្នកដែលមកទទួលសេវា និងអ្នកដែលមិនបានមកទទួលសេវា។


សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាល បានដាក់ឱ្យដំណើរការដំបូង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយបំរើសាវាសរុបមាន១៤ វិស័យរួមមាន៖ ការងារនីត្យានីកូកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យបរិស្ថាន វិស័យឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រភេទសេវាដែលក្រសួង ស្ថាប័ន ថ្នាក់ជាតិបានប្រតិភូកម្មឱ្យមករដ្ឋបាលខេត្ត ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងប្រមូលផ្តុំ និងបង្ខិតសេវានានាឱ្យជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានងាយស្រួលឆាប់រហ័ស ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ