នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានលើកឡើងអំពីតួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង ក្នុងការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពនីមួយៗ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានផ្តល់កិច្ចសហការ និងបានរៀបចំកិច្ចប្រជុំនេះឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកិច្ចសហការល្អជាមួយគណៈប្រតិភូសនកម្មផ្ទៃក្នុង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង