អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការបង្រ្កាបគ្រឿងញៀននៅតាមក្លឹបកម្សាន្ត
June 20, 2019    អ្នកទស្សនា :

       នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានដឹកនាំបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តនានា ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដើម្បីអនុវត្តស្របតាមផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ដោយកិច្ចប្រជុំនេះមានការចូលរួមពីថា្នក់ដឹកនាំមន្រ្តីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តំណាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានី-ខេត្ត និងភាគីពាក់ព័ន្ធជាច្រើនទៀត។ 

      យោងតាមរបាយការណ៍  រយៈពេល០៥ខែ ដើមឆ្នាំ២០១៩  បានបញ្ជាក់ថា កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨គីឡូក្រាម កញ្ឆាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត។ ដោយឡែក លទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋាន ចំនួន៧,១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣,៧៤១កន្លែង ស្មើនឹង៥២%។

      លេខាធិការដ្ឋាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានដាក់ទិសដៅបន្ត គឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ ដោយធ្វើការប្ដេជ្ញាចិត្តរួមគ្នាខិតខំប្រឹងប្រែងអនុវត្តឲ្យបានសម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ ក្នុងការលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានឲ្យបានទាំងស្រុងនាចុងឆ្នាំ ២០១៩។ ដូច្នេះដើម្បីធ្វើឲ្យទិសដៅដែលបានប្ដេជ្ញាចិត្តខាងលើសម្រេចទៅបានប្រកបដោយភាពជោគជ័យគ្រប់ស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវផ្ដោតការយកចិត្តទុកដាក់លើការងារសំខាន់ៗ ដូចខាងក្រោម៖
១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់រាជធានីខេត្តត្រូវយកចិត្តទុកដាក់ដឹកនាំតម្រង់ទិសដាក់ចេញផែនការចំណុចខ្ពស់ក្នុងការបង្ក្រាបគ្រឿងញៀនតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានទៅក្នុងនោះ៖ កម្លាំងមានសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ដែលជាសេនាធិការត្រូវខិតខំក្តាប់សភាពការណ៍ ប្រមូលផ្ដុំព័ត៌មានជំនាញនិងផ្ដួចផ្ដើមនូវវិធានការតស៊ូបង្ការបង្ក្រាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន  ត្រូវកំណត់សន្ទស្សន៍ទីតាំងគោលដៅដែលងាយអាចកើតឡើងនូវបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនឲ្យបានច្បាស់លាស់ដោយលើកឡើងនូវផែនការប្រតិបត្តិការឲ្យបានហ្មត់ចត់ដើម្បីបញ្ចប់ទាំងស្រុងនូវការជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងទាំងនោះ ក្នុងករណីចាំបាច់ត្រូវស្នើសុំកិច្ចអន្តរាគមន៍គាំទ្រពីថ្នាក់ជាតិ ដើម្បីឲ្យដំណើរការប្រតិបត្តិការអនុវត្តផែនការដែលបានដាក់ចេញសម្រេចបានជោគជ័យ។
២.ជំរុញកិច្ចសហការជាមួយម្ចាស់ក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋាន ដើម្បីបំផុសឲ្យចូលរួមបង្ការទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននិងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ក្នុងករណីសមត្ថកិច្ចរកឃើញមានការជួញដូរប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងរបស់ខ្លួន។
៣.កម្លាំងមានសមត្ថកិច្ចនៅថ្នាក់ជាតិត្រូវខិតខំបំបាក់ប្រមែប្រមូលព័ត៌មាន ភស្តុតាងពាក់ព័ន្ធការនាំចូលនូវឯកសារនាំចូលនូវសារធាតុញៀនបំរើអោយទីផ្សារនៅក្នុងបរទេសនៅក្នុងប្រទេសដោយពង្រឹងនូវវិធានការក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេសនិងស្រាវជ្រាវបង្ក្រាបឲ្យដល់ឫសគល់កាប់ផ្តាច់ខ្សែរយៈបណ្ដាញនិងតាមចាប់មេក្លោងមកផ្ដន្ទាទោសតាមច្បាប់។
៤. ត្រូវយកចិត្តទុកដាក់ថែបំប៉ន និងលើកកម្ពស់សមត្ថកិច្ចមន្ត្រីអនុវត្តច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅធ្វើឲ្យប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព។៥. គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខុសច្បាប់រាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខគណៈបញ្ជាការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៤ក្នុងការដឹកនាំការបង្ការការងារបង្ការទប់ស្កាត់និងបង្ក្រាបការជួញដូរប្រើប្រាស់គ្រឿងញៀនតាមក្លឹបកម្សាន្តនិងទីតាំងសប្បាយដ្ឋានក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ