ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ
June 04, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ និងទិសដៅការងារមុនបញ្ចប់ឱសានវាទ។

      កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

      របាយការណ៍អង្គប្រជុំបានបង្ហាញថា លទ្ធផលសរុបពីដំបូង គិតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន១៩,៣៩៥គ្រួសារ គិតជាមនុស្សរួម ចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើង ចំនួន៤៩,៦៣៨នាក់(ស្រី ២៣,៩២១នាក់) មាន៩សញ្ជាតិ។

      សូមបញ្ជាក់ផងដែរថា៖ ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត
អ្នកអាយុ១៨ឆ្នាំឡើង ចំនួន៧៦,៤៩៨នាក់(ស្រី ៣៦,៥៨៥នាក់) គិតជាមនុស្សរួម ចំនួន១១១,៤២១នាក់ (ស្រី៥៣,៥៦៧នាក់) ក្នុង ៣៦,៤៨៥គ្រួសារ។

      ជាងនេះទៀត បានផ្តល់ប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់អ្នកអាយុ១៨ឆ្នាំឡើង សរុបចំនួន៣៣,៩៣៩ប្រកាស (ស្រី ១៦,២៥៤នាក់) គិតជាមនុស្សរួមចំនួន ៥២,៧១០នាក់(ស្រី២៥,៣១៦នាក់) ក្នុងចំនួន ១៧,០៥៧គ្រួសារ នៃអ្នកដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តទាំងអស់៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ