អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តផ្សព្វផ្សាយបង្ការការប្រើប្រាស់ គ្រឿងញៀនក្នុងវិស័យទេសចរណ៍
May 29, 2019    អ្នកទស្សនា :

    រសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០១៩ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញា​ធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ក្នុងពិធីផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹងពីបញ្ហា គ្រឿងញៀនដល់ប្រតិបត្តិ​ករទេស​ចរណ៍  និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្ម  សេវាកម្ម ទេស​ចរណ៍ បានបើកកិច្ចប្រជុំផ្សព្វ​ផ្សាយ​ស្តីពី​ការបញ្រ្ជាបការយល់ដឹង  និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍  នៅសាល​ប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោកជំទាវ អ៊ុល  ភីរុណអភិបាលរង  តំណាងប្រធានគណៈ​កម្មាធិការ​​ត្រួតពិនិត្យគ្រឿងញៀនខេត្តកែប និងឯកឧត្តម ចិន សាម៉ុន ទីប្រឹក្សាតំណាងឯកឧត្តមបណ្ឌិត ថោង ខុន  រដ្ឋមន្ត្រី  ក្រសួងទេសចរណ៍  ដោយមានការចូលរួមពីមន្ទីរអង្គភាពជាសមាជិកគណកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្ត  ក្រុង និងម្ចាស់ អ្នកគ្រប់គ្រង អាជីវកម្ម  សេវាទេសចរណ៍ ។

      លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា  នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានលើកឡើងយកបទពិសោធន៍ពីបញ្ហា និងផលវិបាកផ្សេងៗ​ដែល​នឹងអាចកើតឡើងក្នុងទីតាំងអាជីវកម្មសេវាទេសចរណ៍របស់​លោកអ្នក ប្រសិនបើលោកអ្នកមិនបាន​ស្វែងយល់ឬមិនបានទទួលព័ត៌មានគ្រប់គ្រាន់ទូលំទូលាយពីបញ្ហាគ្រឿងញៀន។

     លោកជំទាវ អ៊ុល  ភិរុណ  អភិបាលរង  តំណាងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានប្រសាសន៍ថា ខេត្តកែប មិនមែនជាទីតាំងផលិតគ្រឿងញៀនទេ ហើយគ្រប់គោលដៅទេសចរណ៍ និងសេវាករទេសចរណ៍ទាំងអស់ត្រូវសហការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការចែកចាយការប្រើប្រាស់គ្រឿងញៀងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួនទៅដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបង្រ្កាប និងទប់ស្កាត់ឲ្យបាន ទាន់ពេលវេលា ធានាបាននូវភាពសុខដុមរមនាជូនដល់ប្រជាពលរដ្ឋយើង។

     ក្នុងឱកាសនោះដែរ ឯកឧត្ដម ចិន សាម៉ន ទីប្រឹក្សាក្រសួងទេសចរណ៍ បានថ្លែងលើក​ឡើង​សាទរ​កោតសសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនាពេលកន្លងមក  ហើយបញ្ហាគ្រឿងញៀនអាចដោះស្រាយបានលុះត្រាតែមានការចូលរួមទាំងអស់គ្នា ហើយប្រតិបត្តិករ​ទេស​ចរណ៍មានតួនាទីសំខាន់ណាស់ក្នុងការបង្ការទប់ស្កាត់​បញ្ហាគ្រឿងញៀនក្នុងទីតាំង​របស់ខ្លួនតាម​រយះការសិក្សាស្វែងយល់ពីគោលនយោ​បាយ  ច្បាប់  និងសហការឲ្យបានជិតស្និតជាមួយ​សមត្ថកិច្ច​មូលដ្ឋានដោយហ៊ានរាយការណ៍ រាល់ការសង្ស័យនានាដែលអាចពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ ឯកឧត្ដមបានសំណូមពរដល់សមត្ថកិច្ច និងអ្នកពាក់ព័ន្ធបង្កើតការផ្សព្វផ្សាយអប់រំ​ពីបញ្ហាគ្រឿងញៀន​ឲ្យប្រជាពលរដ្ឋបានដឹងកាន់​តែ​ច្បាស់និងចូលរួមកាន់តែសកម្មបន្ថែមទៀត៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ