ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
March 25, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលមាន០៨ជំពូក និង១៩មាត្រា នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ឯកឧត្តមអភិសន្តិបណ្ដិត បានកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាជាតិ ក៏ដូចជាការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។

ឯកឧត្តមអភិសន្តិបណ្ដិត ក៏បង្ហាញក្ដីសង្ឃឹមថា ក្រោមការប្តេជ្ញាចិត្តដ៏មោះមុតក្នុងស្មារតីតែមួយ ថ្នាក់ដឹកនាំ មន្ត្រី កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នឹងកាន់តែមានវឌ្ឍនភាពទាំងផ្នែកធនធានកីឡាករ កីឡាការិនី និងហេដ្ឋរចនាសម្ព័ន្ធបម្រើឱ្យវិស័យកីឡា ការហ្វឹកហាត់ និងការប្រកួតក្នុងកម្រិតជាតិនិងអន្តរជាតិ។

យោងតាមសេចក្ដីរាយការណ៍ និងសេចក្ដីថ្លែងហេតុ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក៏ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលវិស័យកីឡា ស្ថិតនៅក្នុងជ្រុងទី១ ការអភិវឌ្ឍមូលធនមនុស្ស។

ការកែសម្រួលរចនាសម្ព័ន្ធក្នុងអនុក្រឹត្យនេះ ពុំមានការប៉ះពាល់ដល់ទំហំរចនាសម្ព័ន្ធ ឬបង្កើនថវិកាចំណាយក្រសួងនោះឡើយ និងក៏ពុំជាន់ភារកិច្ចនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃដែរ ផ្ទុយទៅវិញធ្វើឱ្យកាន់តែប្រសើរឡើងនូវរចនាសម្ព័ន្ធដឹកនាំ ស្របតាមគោលនយោបាយក្រសួងអប់រំ និងគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិក។

បន្ទាប់បានស្ដាប់ និងពិនិត្យខ្លឹមសារ នៃសេចក្ដីព្រាងអនុក្រឹត្យនេះរួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងអង្គប្រជុំ បានផ្ដល់អនុសាសន៍ និងលើកយោបល់ កែសម្រួល និងបំពេញបន្ថែម លើចំណុចមួយចំនួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ផ្ដល់មតិដឹកនាំលើកិច្ចការពាក់ព័ន្ធបន្ថែមទៀតផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ