ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំឱ្យនាយនគរបាល ដែលទើបបានទទួលតំណែងថ្មី ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពឱ្យមានការរីកចំរើន
March 22, 2024    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំឱ្យនាយនគរបាល ដែលទើបបានទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិថ្មី ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពអោយមានការរីកចំរើនសំដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកជាមួយក្រសួងមហាផ្ទៃ ជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងអោយសភាពការណ៍ ក្នុងប្រទេសមានភាពស្ងប់ស្ងាត់ទាំងផ្នែកនយោបាយ និងផ្នែកបច្ចេកទេសការងារសន្តិសុខ។ ទន្ទឹមនោះ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន និងត្រូវសហការគ្នាធ្វើកិច្ចការងារអោយបានសំរេចតាមទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតប្រគល់ជូន។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់ ស្នងការនគរបាលរាជធានី-ខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ ពិសេសបានធ្វើអោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើអោយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន ៥ចំណុចរួមមាន៖

*១-បទល្មើសព្រហ្មទណ្ឌដែលមានកំណើនគួរអោយកត់សម្គាល់មិនមានសញ្ញាថមថយនៅឡើយ ទាំងបទល្មើសឧក្រិដ្ឋ បទល្មើសបជ្ឍឹម និងថ្មីនេះក៏មានលេចធ្លោនូវសកម្មភាពក្មេងទំនើង ដែលទាមទារអោយអ្នកដែលទទួលខុសត្រូវក្នុងផែននេះ ទាំងអគ្គស្នងការដ្ឋាន និងប្រធាននាយកដ្ឋាន ត្រូវប្រមូលធាតុផ្សំគិតឡើងវិញ មិនអាចបណ្តែតបណ្តោយអោយសកម្មភាពទាំងនេះបន្តមានទៀតបានទេ។

*២-ពង្រឹងបញ្ហាគ្រឿងញៀន ពិសេសនៅតាមក្លិបកម្សាន្ត ព្រោះគ្រឿងញៀនក៏នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ តើអនាគតរបស់ប្រទេសជាតិយើងនឹងទៅជាយ៉ាងណាក្នុងរយៈពេលដ៏វែងឆ្ងាយ។ ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួនតែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នាក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្រ្កាបអោយដល់ឫសគល់។

*៣-គ្រោះថ្នាក់ចរារចណ៍ដែលបង្កើតជាសោដនាដកម្ម បង្កើតជាភាពក្រីក្រក្នុងគ្រួសារ ដែលនេះជាបញ្ហាសំខាន់ដែលត្រូវពិនិត្យពិចារណារឡើងវិញ ដែលកត្តាទាំងនេះក៏ស្របជាមួយយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលអណត្តទី៧ ដំណាក់កាលទី១។ កំឡុងពេលប្រមាណខែចុងក្រោយនេះ បើធ្វើការប្រៀបធៀបជាមួយឆ្នាំកន្លងទៅគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួនលើមនុស្សរបួស និងស្លាប់ដែលទាមទារអោយមានការផ្តោតសំខាន់ទៅលើចំណុចមួយចំនួនទៀត ដើម្បីធ្វើអោយចំនួននៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

*៤-បញ្ហាទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្ត ជាពិសេសខេត្តដែលនៅជាប់តាមព្រំដែនទាំងតូចទាំងធំ ដែលអាជ្ញាធរយើងមិនអាចមើលស្រាលអំពីជម្លោះដ៏រ៉ាំរ៉ៃនេះបានទេ ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់សុទ្ធសឹងតែមានអ្នកនៅពីក្រោយខ្នង ដើម្បីញុះញង់អោយមានចលនា ដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋបាត់ជំនឿមកលើរាជរដ្ឋាភិបាល ដែលនេះជាបញ្ហាដែលក្នុងនាមជាអាជ្ញាធរមិនត្រូវមើលស្រាលជាដាច់ខាត។ កន្លែងខ្លះអាចក្លាយទៅជាការបង្កើតតំបន់អបគមន៍ ដែលអាជ្ញាធរពិបាកក្នុងការចូលដោះស្រាយ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញអោយអាជ្ញាធរដែលខេត្តជាប់នៅតាមតំបន់ព្រំដែន ដែលមានបញ្ហាទំនាស់ដីធ្លី ត្រូវបង្កើនកម្លាំងសមត្ថកិច្ចក្តាប់អោយបានសភាពការណ៍កុំអោយមានការទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់រហូតក្លាយទៅជាតំបន់អបគមន៍។

*៥-ពង្រឹងការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះអណាធិបតេយ្យ ដែលបង្កើតអោយមានជាសម្លេងផ្ទុះ ការគ្រប់គ្រងនូវសាធាតុគីមីផ្សំ ដែលក្នុងនោះមានក្រសួងចំនួនពីរដែលទទួលបានអាជ្ញាបណ្ណក្នុងការនាំចូលដើម្បីធ្វើសកម្មភាពផ្សេងៗដូចជាប្រើប្រាស់ក្នុងការបំផ្ទុះថ្មដើម្បីធ្វើផ្លូវ ធ្វើសំណង់ជាដើម ដែលមានក្រុមហ៊ុនផ្សេងៗមកទទួលយកដើម្បីទៅបន្តធ្វើអាជីវកម្មដែលចំនុចទាំងនេះហើយក្នុងនាមអាជ្ញាធរយើងត្រូវមានវិធានការក្នុងការគ្រប់គ្រងទាំងការដឹកជញ្ជូនយកទៅទុកដាក់នៅកន្លែងណា ដើម្បីបំរើក្នុងអាជីវកម្មបែបណា អាជ្ញាធរត្រូវមានយន្តការគ្រប់គ្រងអោយបានម្មត់ចត់ ទាំងព័ត៌មាន និងឯកសារបញ្ជាក់ពីទីតាំងដែលទុកដាក់ ការដឹកជញ្ជូន និងការប្រើប្រាស់អោយបានត្រឹមត្រូវ។ ស្នងការនគរបាលនៅតាមបណ្តាខេត្តត្រូវចាត់ចែងធ្វើបញ្ជីអោយបានល្អិតល្អន់ពីទីតាំងទាំងនោះផ្ញើមកអគ្គស្នងការដ្ឋាននគរបាជាតិ ដើម្បីចុះពិនិត្យទីតាំងទាំងនោះ និងធ្វើការគ្រប់គ្រងទីតាំងទាំងនោះ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំអោយប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការងារបុគ្គលិក របៀបរបបធ្វើការងារ ពិសេសពាក់ព័ន្ធនិងវិន័យកងកម្លាំងនគរបាលជាតិ ការគ្រប់គ្រងបញ្ជីវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃអោយបានម៉ត់ចត់ផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ខេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ