ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការស្រង់បទពិសោធន៍ការងារប្រទីបក្រសួងមហាផ្ទៃ
December 01, 2023    អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីបរបស់ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការដកស្រង់បទពិសោធន៍ការងារប្រទីបក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីបរបស់ក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ដោយក្តីសោមនស្សរីករាយបំផុត ដែលក្រុមការងារនៃគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីបទាំងអស់ សហការគ្នាបានយ៉ាងល្អ និងទទួលបានជោគជ័យ ដោយទាំងអស់នេះ គឺកើតចេញពីការទទួលខុសត្រូវតួនាទីភារកិច្ចរបស់ខ្លួនបានល្អ មិនតែប៉ុណ្ណោះទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទោះបីអាក់ខានរយ:ពេលបីឆ្នាំយ៉ាងណាក្តី។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីប បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពការរៀបចំប្រទីប និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានលះបង់ពេលវេលា និងកម្លាំងកាយមកធ្វើការងារនេះឱ្យទទួលបានជោគជ័យ និងមានការកោតសរសើរផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាអនុប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្តែតប្រទីប បានមានមតិយោបល់លើកឡើងថា ឯកឧត្តម មានមោទកភាពណាស់ចំពោះក្រុមការងារធ្វើប្រទីបរបស់ក្រសួងមហាផ្ទៃ ដែលបំពេញតួនាទីជូបថ្នាក់ដឹកនាំប្រកបដោយជោគជ័យ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងបន្ថែមដែរថា ជាក់ស្តែងប្រទីបរបស់ក្រសួងមហាផ្ទៃដែលដាក់បង្ហាញជូនសាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះ គឺពិតជាស្រស់ស្អាត និងលេចធ្លោក្នុងចំណោមបណ្តាប្រទីបជាច្រើន ប៉ុន្តែប្រសិនបើមានការរចនា និងបញ្ចូលនូវបច្ចេកវិទ្យាទំនើបថ្មីបន្ថែមឱ្យស្របតាមបរិបទនៃយុគសម័យឌីជីថលនោះ ប្រទីបរបស់ក្រសួងមហាផ្ទៃនឹងកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញផងដែរ។

ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីបរបស់ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ដែលបានយកចិត្តទុកដាក់ និងផ្ដល់យោបល់ដែលជាធាតុចូលសំខាន់ៗលើការកែលម្អ រចនាប្រទីបសម្រាប់ចូលរួមដាក់បង្ហាញជូនប្រជាពលរដ្ឋទស្សនានាឆ្នាំក្រោយផងដែរ។

សូមជម្រាបជូនដែរថា​ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទូកចូលរួមប្រកួតចំនួន៣៣៨ទូក និងប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានាមានចំនួន៣០ប្រទីប។ បន្ទាប់ពីខកខានដោយជំងឺកូវីដអស់រយៈពេល៣ឆ្នាំមកនេះ​ សម្រាប់ឆ្នាំ២០២៣នេះពិតជាមានភាពអធិកអធមនិងសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះមានទាំងភ្ញៀវជាតិ​ និងអន្ដរជាតិដើរកំសាន្ដមានចំនួនរហូតរាប់លាននាក់។

ដោយ៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យា​ឌីជីថល​ និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ