សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ 
April 30, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយដ្ឋានទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ 

      សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងមហាផ្ទៃ សមាសភាពថ្នាក់ដឹក ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬប្រធានអង្គភាពប្រហាក់ប្រហែល មានការកើនឡើង ហេតុដូច្នេះទន្ទឹមនេះ ក្រសួងមហាផ្ទៃ នៅព្រឹកនេះ ក៏បានរៀបចំកិច្ចប្រជុំធ្វើការណែនាំនានា លើការបំពេញការងារ និងធ្វើការបែងចែកតួនាទី ភារកិច្ចប្រគល់ជូនដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពដែលមានឋានៈប្រហាក់ប្រហែល ដើម្បីដឹកនាំអង្គភាពនានាស្របតាមការប្រគល់ភារកិច្ចជូន ផ្អែកលើបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍នានា ជាសេនាធិការឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

      ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការរួមគ្នា ធ្វើឲ្យក្រសួងមហាផ្ទៃ សម្រេចបាននូវសមិទ្ធផលនានាជាច្រើនក្នុងពេលកន្លងទៅ ហើយដើម្បីរួមគ្នាទទួលខុសត្រូវអនុវត្តបេសកកម្មរបស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ត្រូវបានបែងចែកប្រគល់ភារកិច្ចឲ្យទទួលការងារតាមអគ្គនាយកដ្ឋាន ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ និងការការងារផ្សេងៗទៀតតាមសំណូមពរការងារចាំបាច់របស់ក្រសួង និងរាជរដ្ឋាភិបាល។

      សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា ក្រៅពីការទទួលខុសត្រូវក្នុងការងាររបស់ក្រសួង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃទាំងអស់ ក៏បានផ្សារភ្ជាប់សកម្មភាពជាមួយមូលដ្ឋាន ជាប់ជាប្រចាំផងដែរ ដែលសម្តេច បានលើកឡើងថា នេះគឺជាសកម្មភាពមួយដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួងមហាផ្ទៃ ដែលបានផ្សារភ្ជាប់ការដឹកនាំរបស់រាជរដ្ឋាភិបាល ជាមួយប្រជាជននៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយឆ្លើយតបតាមគោលបំណងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្នានបានទាន់ពេលវេលា។

      ជាងនេះទៀត សម្តេចក្រឡាហោម បានមានប្រសាសន៏បន្ថែមថា ផ្អែកតាមការសំណូមពរចាំបាច់នៃការពង្រឹង និងលើកកម្ពស់ ប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រងស្ថាប័ន និងផ្អែកតាមបទពិសោធន៍ក្នុងការអនុវត្តតួនាទីភារកិច្ចដែលបានបែកចែកជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាពេលកន្លងមក គឺបានរៀបចំរួចហើយនូវការណែនាំស្តីពីតួនាទី ភារកិច្ចរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ សម្រាប់អនុវត្តទទួលខុសត្រូវ។ 

      សម្តេចក្រឡាហោម បានបញ្ជាក់ថាពាក់ព័ន្ធនិងតួនាទី និងការទទួលខុសត្រូវ យោងលើច្បាប់ និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ ក្រសួងត្រូវមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមការចាំបាច់ ហើយរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ បំពេញការងារតាមការប្រគល់ជូនពីរដ្ឋមន្រ្តីក្រសួង ហើយក្រសួងក៏បានបែងចែក និងតែងតាំងតួនាទីភារកិច្ចជូនជាបន្តបន្ទាប់ ដើម្បីឲ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាការ ដឹកនាំសប្របសម្រួលការងារប្រចាំថ្ងៃនានា ដែលទទួលបានការប្រគល់សេចក្តីទុកចិត្តជូនពីក្រសួងមហាផ្ទៃ៕ រតនា

ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

  

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ