សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ (គ.ជ.ដ.អ)
January 28, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នាទីស្តីការ​​ក្រសួង​មហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) ដើម្បី​ពិនិត្យឡើងវិញនូវសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការ​អញ្ជើញចូល​រួមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធក្នុងគណៈកម្មាធិការ​ជាតិជាច្រើនផងដែរ។

      ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃ​អគ្គនាយ​​ដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន​គណៈ​​កម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានមាន​ប្រសាសន៍ថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារសំខាន់​ជាគន្លឹះសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិនិង​ផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល លើកកម្ពស់​ប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ និងរួមចំណែកជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

      ឯកឧត្តមបន្តថា ឆ្នាំ២០១៩ គឺជាឆ្នាំទី៣​នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាល​ពីខែមិថុនា ឆ្នាំ២០១៦ ដែលការអនុវត្តផែនការយុទ្ធសាស្រ្តជាតិ​ស្តីពីអត្តសញ្ញាណកម្ម បានដំណើរការកម្មភាពជាបន្តបន្ទាប់​តាមដំណាក់កាលនីមួយៗស្របតាមគោលដៅយុទ្ធសាស្រ្តដែលបានគ្រោងទុកគឺ មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ។

      សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោកបានផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រីកការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋរបស់ខ្លួន និងការធ្វើអោយប្រសើរឡើងតាមរយៈការធ្វើទំនើប​កម្មតាមប្រព័ន្ធគ្រប់គ្រង និងការផ្លាស់ប្តូរប្រព័ន្ធការងារនៃការចុះ​​បញ្ជី​ដោយដៃដូចជា អត្រានុកូលដ្ឋាន គ្រប់គ្រងការស្នាក់នៅ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន អោយទៅជាការចុះបញ្ជីរតាម​ប្រព័ន្ធព័ត៌មានវិទ្យាដែលការផ្លាស់ប្តូរនេះជាតម្រូវការចាំបាច់។ សម្តេចបានបន្តថា ជាការចាំបាច់ប្រទេសនីមួយត្រូវរៀបចំខ្លួន​សម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីអោយទាន់ប្រទេសជិតខាងក្នុងតំបន់ ក្នុងការអភិវឌ្ឍន៍ជាតិ និងអភិវឌ្ឍន៍ដោយឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបៗ ដូចនេះការកែទម្រង់ប្រព័ន្ធការគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការជាអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា។

      សម្តេចបានបញ្ជាក់បន្ថែមថា ប្រព័ន្ធគ្រប់គ្រង​ប្រព័ន្ធអត្តសញ្ញាណកម្មនេះគឺជាឆ្អឹងខ្នងនៃប្រព័ន្ធផ្ដល់សេវាទាំងអស់របស់រាជរដ្ឋាភិបាល ទាំងសេវាផ្នែកសាធារណៈ និងផ្នែកឯកជន ហើយក៏ជាកិច្ចការដែលកម្ពុជា ត្រូវចូលរួមចំណែកក្នុងការ​អនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពិសេសគឺក្របខណ្ឌកម្មវិធីថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអត្រានុកូលដ្ឋាន និង ស្ថិតិអត្រានុកូលដ្ឋាន(២០១៥-២០២៤) ដែលបានអនុម័តក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកកប្រទេសថៃកាលពីខែវិច្ឆិកាឆ្នាំ២០១៤។

      សម្តេចក្រឡាហោមបានបន្តថា ក្រោយពិនិត្យរបាយការណ៍វាយ​តម្លៃការអនុវត្តសាកល្បងច្រកចេញចូលតែមួយ ការផ្តល់សេវាអត្តសញ្ញាណកម្មនៅខេត្តកំពត និងខេត្តកែប និងរបាយការណ៍វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលការតាក់តែងសេចក្តីព្រាងច្បាប់នេះគឺជាកិច្ចការដ៏ចំបងដំបូងគេសម្រាប់ ត្រួសត្រាយផ្លូវក្នុងការរៀបចំប្រព័ន្ធសម្រាប់ចុះបញ្ជី និងគ្រប់គ្រងអត្តសញ្ញាណបុគ្គលស្របតាមស្តង់ដារជាសាកល។

      ជាមួយគ្នានោះដែរ ក្នុងកិច្ចប្រជុំកន្លងទៅ យើងកត់សម្គាល់បញ្ហាគន្លឹះមួយចំនួនដែលត្រូវជជែកគ្នាជាមួយស្ថាប័នក្រសួងពាក់ព័ន្ធ ដើម្បីធានាការតាក់តែងសេចក្តីព្រាង​ច្បាប់មួយនេះកាន់តែងាយស្រួល និងច្បាស់លាស់ដូចជា តួនាទីមន្ត្រីអត្រានុកូលដ្ឋាននៅឃុំ-សង្កាត់, ការជ្រើសរើស និងពិចារណាក្នុងការតែងតាំងមន្ត្រីអត្រានុកូលដ្ឋានបន្ថែមនៅបណ្តាថ្នាក់ស្រុក-ក្រុង និងថ្នាក់រាជធានី-ខេត្ត និង តួនាទីប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និងមន្ត្រីអត្រានុកូលដ្ឋាន៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ