ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា
January 13, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដោយមានការចូលរួមពី ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញផ្នែកច្បាប់ពាក់ព័ន្ធផងដែរ។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា កិច្ចប្រជុំនាព្រឹកនេះ គឹដើម្បីពិភាក្សាពិនិត្យ កែសម្រួលធ្វើវិសោធនកម្មច្បាប់ចាស់ ហើយបើមានចំណុចចាំបាច់ដែលឯកភាពគ្នាត្រូវការកែសម្រួលនូវចំនុចច្រើននោះ ការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ នឹងត្រូវកែតម្រូវទាំងស្រុងនៃច្បាប់ចាស់តែម្តង ដើម្បីឲ្យសមស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។ ហើយក្រុមការងារធ្វើសេចក្តីព្រាង និងត្រូវចុះសិក្សាស្រាវជ្រាវជាមួយមន្ទីរ អង្គភាពនានា ព្រមទាំងសិក្សាលើការប្រើប្រាស់ច្បាប់ស្តីពីអន្តោប្រវេសន៍នៅបណ្តាប្រទេសគំរូមួយចំនួនផងដែរ។

      ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមការងារថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ គឺមានច្បាប់ចាស់មួយរួចហើយ ក៏ប៉ុន្តែយើងត្រូវស្រាវជ្រាវរកគ្រប់បញ្ហាទាំងអស់ដើម្បីរកធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើវិសោធនកម្មថ្មី។ ឯកឧត្តម បានបន្តថា នៅលើពិភពលោក បញ្ហាអន្តោប្រវេសន៍នេះគឺតែងតែមានការកើតឡើងនូវបញ្ហាច្រើន និងធ្ងន់ធ្ងរជាងគេ ដូច្នេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវយកចិត្តទុកដាក់ និងប្រមូលបញ្ហាឲ្យបានគ្រប់គ្រាន់ដោយហ្មត់ចត់បំផុត ដើម្បីធានានូវការរៀបចំបទបញ្ញត្តិថ្មី ធ្វើយ៉ាងណាឲ្យស្របជាមួយបរិបទសង្គម ជាពិសេសការវិវឌ្ឍន៍នៃប្រទេសជាតិ។

      សូមជម្រាបថា៖ កិច្ចប្រជុំនេះ គឺធ្វើឡើងជាលើកទី២ ដើម្បីពិភាក្សា ពិនិត្យ និងបន្ថែមបន្ថយធាតុចូលនានាក្នុងការរៀបចំតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានសមស្រមតាមបរិបទរួមនៃការរីកចម្រើនរបស់ប្រទេស។ ជាងនេះទៀត ច្បាស់នេះ មានគោលបំណងធានាការគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវិសាលភាពអនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ