សម្តេចក្រឡាហោម ស ខេង៖ សារព័ត៌មានគឺជាកញ្ចក់ឆ្លុះនូវរាល់សកម្មភាពរបស់អាជ្ញាធរ ទាំងមន្ត្រីនគរបាលជាតិ និងស៊ីវិល
January 09, 2020    អ្នកទស្សនា :

      ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ថា ចំពោះការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត គឺមានសារៈសំខាន់ណាស់ដើម្បីជួយផ្តល់នូវប្រភពបញ្ហា និងព័ត៌មាននានាដែលជាក់លាក់សម្រាប់អជ្ញាធរពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ និងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងចំគោលដៅច្បាស់លាស់។ សម្តេចក្រឡាហោម បញ្ជាក់បន្ថែមថា សព្វថ្ងៃនេះនៅក្នុងក្រសួងមហាផ្ទៃ ក៏មានអគ្គនាយកដ្ឋានមួយទទួលបន្តុកដោះស្រាយពាក្យបណ្ដឹងនានារបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ គឺអគ្គាធិការដ្ឋានរបស់ក្រសួងមហាផ្ទៃ គឺទទួលភារកិច្ចដើម្បីទទួលពាក្យបណ្ដឹងដោះស្រាយពាក្យបណ្ដឹងដែលទាក់ទងជាមួយនឹងមន្ត្រីក្រសួងមហាផ្ទៃ ទាំងប៉ូលិស និងស៊ីវិល។ 

      សម្តេចក្រឡាហោម បានមានប្រសាសន៍ដូច្នេះថា “បច្ចុប្បន្ននេះ មិនបាច់មានបណ្ដឹងដោយផ្ទាល់នោះទេ ឱ្យតែមានសារព័ត៌មានចុះ គឺចាត់ទុកជាបណ្ដឹង ព្រោះសារព័ត៌មានអាចចាត់ទុកជានីតិបុគ្គល ដែលមាននីតិសម្បទាខាងផ្លូវច្បាប់ ដូច្នេះ បានន័យថាចាត់ទុកពួកគេជាដើមបណ្ដឹងមួយ គឺកាលណាមានសារព័ត៌មានចុះផ្សាយនិយាយទិទាន មិនថាតាមកាសែត តាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច គឺខ្ញុំឱ្យស្រង់ទាំងអស់ ស្រង់ទាំងអស់យកមកឱ្យអគ្គាធិការ ស្រាវជ្រាវ គឺមិនចោលទេព័ត៌មានទាំងអស់នោះ ដូច្នេះវាអាចកាត់បន្ថយនូវព័ត៌មានមិនពិតបានផងដែរ ជួនពេលខ្លះ គាត់ចេះតែបំភ្លើស ដល់ពេលយើងទៅស្រាវជ្រាវអត់ពិត យើងក៏បានឆ្លើយថារឿងហ្នឹងមិនពិតទេ។ ឧទាហរណ៍ថា គេចុះផ្សាយថា កន្លែងហ្នឹងមានលេងល្បែងស៊ីសង ឬជល់មាន់ជល់អីគគ្រឹគគគ្រែងអីទាំងអស់ហ្នឹង ហើយថាស្នងការដេកលក់ហូរហែ ដល់ពេលយើងចុះទៅមើលទៅវាមិនមែន ពេលហ្នឹងយើងឆ្លើយវិញថាវាមិនមែន”។

      សម្តេច បានបញ្ជាក់បន្ថែមថា ការងារប្រមូលព័ត៌មានទាំងអស់នោះ គឺមានអគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើការប្រមូលតាមប្រភពនានានៃសារព័ត៌មានជាប្រចាំ ហើយដាក់ឲ្យទៅអគ្គាធិការដ្ឋានចុះទៅអង្កេតស្រាវជ្រាវដោះស្រាយ ដែលនេះគឺជាការផ្តល់ភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាធរពាក់ព័ន្ឋក្នុងការដោះស្រាយបញ្ហា។ ជាងនេះទៀត សម្តេច ក៏បានស្នើដល់សារព៌ត៌មានទាំងអស់ឲ្យយកចិត្តទុកដាក់ចូលរួមផ្សាព្ធផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់នូវអរិយធម៌ វប្បធម៌ សីល្បះ និងទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរឲ្យបានជ្រួតជ្រាប់ដល់សាធារណៈជនបន្ថែមទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ