ឧត្តមសេនីយ៍ឯក ឡាយ គឹមលី ៖ ការត្រួតពិនិត្យសារធាតុគីមី​ផ្សំមានប្រសិទ្ធភាព គឺទប់ស្កាត់បានការសំយោគកែច្នៃផលិត​គ្រឿងញៀននៅក្នុងប្រទេស
December 27, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ វគ្គបណ្តុះបណ្តាលស្តីពីការ​គ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ បង្ក្រាបការបង្វែរសារធាតុ​គីមីផ្សំយកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ត្រូវបានបិទបញ្ចប់ក្រោម អធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និងលោក គង់វីតាណ: អភិបាលរង ប្រធានលេខាធិការដ្ឋានគណ:​កម្មាធិការត្រួតពិនិត្យគ្រឿង​ញៀនខេត្តព្រះសីហនុ ដោយមានការចែកវិញ្ញាបនបត្របញ្ជាក់​ការសិក្សាជូនដល់សិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ រួមមាន​មន្រ្តីនគរបាល កងរាជអាវុធហត្ថ គយ ប្រចាំការនៅតាម​បណ្តាកំពង់ផែ ច្រកព្រំដែនគោក និងវរការពារព្រំដែនទឹក នៃខេត្តនាទិសនិរតីចំនួន៥ មាន: ខេត្តព្រះសីហនុ កោះកុង កំពត កែប និងតាកែវ។

      ថ្លែងក្នុងនាមគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ លោក គង់ វីតាណ: បានថ្លែងអំណរគុណដល់អាជ្ញាធ​រ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបង្កេីតវគ្គបណ្តុះបណ្តាលនេះឡេីង និងបានថ្លែងសាទរចំពោះសិក្ខាកាមទាំងអស់​ដែលបានខិតខំរៀនសូត្រដកស្រង់បទពិសោធន៍ពង្រឹងសមត្ថភាពសម្រាប់បំពេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ហេីយការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ គឺជាតម្រូវការចាំបាច់ ដែលទាមទារឲ្យមានការបំពាក់បំប៉ន និងបណ្តុះបណ្តាលជាប្រចាំដើម្បីវិវត្តន៍ខ្លួនឲ្យទាន់សភាពការណ៍ និងនិន្នាការប្រែប្រួលរបស់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន។

      ក្នុងឱកាសនោះ ផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនមែនជា​ប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសទទួលរងឥទ្ធិពល​នៃការចរាចរ ការផលិតគ្រឿងញៀនពីតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាសដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដេីម្បីត្រួតពិនិត្យ ទប់ស្កាត់ ការបង្វែរសារធាតុគីមីផ្សំខុស​ច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

      ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងដោយសង្កត់ធ្ងន់ថា ការត្រួតពិនិត្យសារធាតុគីមីផ្សំមាន​ប្រសិទ្ធភាពគឺទប់ស្កាត់បានការផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស ព្រោះបើគ្មានសារធាតុគីមីផ្សំខុសច្បាប់ គឺគ្មានគ្រឿងញៀន ជាពិសេសបើយើងត្រួតពិនិត្យបានហ្មត់ចត់​គឺឈ្មួញគ្រឿងញៀនគ្មានឱកាសនឹងបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់បំផ្លាញសង្គមបានឡើយ។

      ទន្ទឹមនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងនូវការកោតសសេីរដល់ជ័យលាភីដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យសូមយកចំណេះដឹងបទពិសោធន៍ដែលទទួលបាននេះទៅអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖​ អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ