សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
November 04, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអនុញ្ញាតឲ្យ ឯកឧត្តម Christan Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ទើប តែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

      ជាកិច្ចស្វាគមន៍សម្ដេចក្រឡាហោម សូមស្វាគមន៍ឯកឧត្តម ហើយរីករាយដែលបានជួបឯកឧត្តមជាលើកទី១ ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា ហើយសម្ដេចក៏សំដែងនូវការត្រៀមខ្លួនជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ បន្តថែរក្សានូវអ្វីដែលភាគីទាំងពីរបានសម្រេចជាមួយគ្នានាពេលកន្លងមក។ សម្ដេចក្រឡាហោមបានមានប្រសាសន៍បន្តថា សម្ដេចក៏បានជ្រាបអំពីខ្លឹមសាររបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដែលបានលើកឡើងជាមួយនឹងសម្ដេចតេជោ នៅក្នុងជំនួបសំដែងការគួរសមដែលក្នុងនោះ សហព័ន្ធអាល្លឺម៉ង់នឹងបន្តជួយគាំទ្របន្ថែមទៀត ទៅដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ដែលនេះគឺជាព័ត៌មានមួយដ៏រីករាយសម្រាប់កម្ពុជា ក៏ដូចជាសម្ដេចផ្ទាល់ ដែលជាអ្នកទទួលដឹកនាំនូវកិច្ចការងារនេះ ហើយសម្ដេចក្រឡាហោម ក៏បានជម្រាបជូនអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តធ្វើយ៉ាងណាខិតខំកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញឲ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះឱ្យមានវឌ្ឍនភាពទៅមុខ។ សម្ដេចក្រឡាហោមក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីដំណើរការកំណែទម្រង់នេះ ដោយកំណត់យកខេត្តបាត់ដំបងគឺជាខេត្តគំរូមួយក្នុងការធ្វើការផ្ទេរមុខងារដូចជាវិស័យអប់រំ និងសុខាភិបាលផងដែរ។

      ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណ សម្ដេចក្រឡាហោមចំពោះព័ត៌មានបច្ចុប្បន្នភាពកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ហើយឯកឧត្តម ក៏សូមសម្ដែងនូវក្តីរីករាយនៃកំណែទម្រង់របស់សម្ដេចក្រឡាហោម ជាពិសេសគឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូអន្តរក្រសួងទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់កាលពីពេលកន្លងទៅថ្មីៗនេះ ហើយឯកឧត្តមក៏បានជម្រាបជូនដែរថា សម្រាប់ភាគីអាល្លឺម៉ង់គឺមានទីភ្នាក់ងារ giz ដែលជា អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ ប្រចាំនៅកម្ពុជា ដែលធ្វើការងារគាំទ្រលើវិស័យកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការនេះ។ ឯកឧត្តមក៏បានស្នើដល់ក្រសួងមហាផ្ទៃ ក៏ដូចជាផ្នែកពាក់ព័ន្ធ ធ្វើយ៉ាងណាបន្តទំនាក់ទំនងកិច្ចសហការជាមួយ giz នេះបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានអ្វីដែលជាទិសដៅក្នុងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែខិតខំអនុវត្តនូវគោលនយោបាយនេះទេ ក៏ប៉ុន្តែបានខិតខំធ្វើការផ្សព្វផ្សាយដើម្បីឲ្យសាធារណៈជនទាំងមូល គាត់យល់ដឹងអំពីអត្ថប្រយោជន៍នៃការធ្វើកំណែទម្រង់វិមជ្ឈការវិសហមជ្ឈការ ហើយដើម្បីឲ្យពួកគាត់ចូលរួមដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះផងដែរ។

      ជាការឆ្លើយតបរបស់សម្ដេចក្រឡាហោមបន្ថែមទៀតពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់កន្លងទៅ សម្ដេចក៏បានថ្លែងនូវការអរគុណ និងក្តីរីករាយចំពោះភាគីអាល្លឺម៉ង់ ដែលបានរៀបចំនូវកម្មវិធីទស្សនកិច្ចប្រកបដោយការគិតគូរគ្រប់ជ្រុងជ្រោយដោយក្នុងដំណើរទស្សនកិច្ចនោះដែរ សម្ដេចក្រឡាហោមបានជួបជាមួយរដ្ឋបាលចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលធ្វើអោយគណៈប្រតិភូអន្តរក្រសួងរបស់កម្ពុជា មានការយល់ដឹងកាន់តែច្រើនអំពីប្រព័ន្ធទំនាក់ទំនងនៃរដ្ឋបាលពីមួយកម្រិតទៅមួយកម្រិត ហើយសម្ដេចក៏បានលើកឡើងដែរថា ទោះបីជានៅក្នុងដំណាក់កាលខ្លីខាងមុខកម្ពុជា មិនអាចសម្រេចបានទាំងស្រុងដូចអ្វីដែលសាធារណរដ្ឋអាល្លឺម៉ង់មាននាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំឲ្យអស់ពីលទ្ធភាព និងកៀងគរការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះអោយទទួលបានជោគជ័យ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ