ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
November 04, 2019    អ្នកទស្សនា :

       នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើសំណើ និងអនុសាសន៍របស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គការសង្គមស៊ីវិលនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងសមាគមន៍ បានសហការធ្វើវេទិកាសាធារណៈរួមគ្នា៣លើករួចមក ជាការងារបន្ទាប់ រាជរដ្ឋាភិបាល បានបន្តដោះស្រាយនូវបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាការស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ហើយដើម្បីជាការឆ្លើយតប រាជរដ្ឋាភិបាល ក៏បានធ្វើលិខិតអញ្ជើញតំណាង អង្គការ សមាគមន៍ស៊ីវិល និងស្ថាប័នពាក់ព័ន្ឋទាំងអស់ មកចូលរួមប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សារកធាតុចូលរួមក្នុងការឯកភាពគ្នារវាង អង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីបានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលយកទៅពិចារណា និងសម្រេច លើការធ្វើវិសោធនកម្មច្បាប់នេះ។

      សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្ យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៥៦/០០៤/២០១៧ កប០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។ ច្បាប់នេះមានគោល បំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ