សម្តេចក្រឡាហោម ស ខេង៖ ការបង្កើតសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការអនុវត្តតួនាទីភារៈកិច្ចរបស់អ្នកពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
October 09, 2019    អ្នកទស្សនា :

       សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប) បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតអោយមានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តដែលតំណាងឲ្យសមាជិកក្រុមប្រឹក្សារាជធានីខេត្តនៅទូទាំងប្រទេសនេះឡើង ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការអនុវត្តតួនាទីភារៈកិច្ច និងភាពទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សារាជធានី-ខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្តេចក្រឡាហោមបានលើកឡើងបែបនេះក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។
       សម្តេចក្រឡាហោម បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលទទួលស្គាល់តួនាទីដ៏មានសារៈសំខាន់ របស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសក្រសួងមហាផ្ទៃបានគាំទ្រដល់ការបង្កើតសម្ព័ន្ធភាពជាតិឃុំសង្កាត់នាឆ្នាំ ២០០៦ និងសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្តនាឆ្នាំ ២០១៣។ សម្តេចក្រឡាហោមបានបន្ថែមទៀតថា សមាគមជាតិនេះមានតួនាទី និងភារកិច្ចសំខាន់ជាច្រើនរួមមាន៖ ទី១-ជាមជ្ឈមណ្ឌលចងក្រងឯកសារ និងប្រមូលផ្ដុំព័ត៌មានអំពីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ, ទី២-ជាវេទិកាសម្រាប់ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំផ្សេងៗរបស់រដ្ឋាភិបាលដល់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលជាសមាជិករបស់សមាគម, ទី៣-ជាយន្តការសម្រាប់ពាំនាំបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិជូនរដ្ឋាភិបាលក្នុងបំណងស្វែងរកដំណោះស្រាយ, ទី៤- ជាតំណាងសម្លេងរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិក្នុងការស្វែងរកការគាំទ្រ និងការការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ, ទី៥- ជាអ្នកផ្ដល់សេវាពិគ្រោះយោបល់ និងការកសាងសមត្ថភាពដល់សមាជិករបស់ខ្លួនដែលជាក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ,និងទី៦- ជាយន្តការសម្រាប់ឲ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិចែករំលែកចំណេះដឹង មេរៀន និងបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព។
      សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាមានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិដែលបានចុះបញ្ជីផ្លូវការចំនួន០៣ ប្រភេទ គឺ ទី១- សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌឃុំ សង្កាត់ ឬហៅថាសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន, ទី២- សមាគមក្រុមប្រឹក្សាមូលដ្ឋានថ្នាក់រាជធានីខេត្ត, និងទី៣- សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត ឬហៅថាសមាគមក្រុមប្រឹក្សាថ្នាក់តំបន់៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ