សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធក្នុងការអនុវត្ត សកម្មភាពនៃការធ្វើជំរឿនទូទៅប្រជាជន ត្រូវយកចិត្តទុកដាក់អនុវត្តការងារដើម្បីទទួលបានជោគជ័យ
August 07, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិ​ការ​ជាតិ​ជំរឿន បានអំពាវនាវដល់មន្ត្រីទាំងអស់ដែលពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពទាំងអស់នៃការធ្វើជំរឿន​ទូទៅ​ប្រជាជន​នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ សូមយកចិត្តទុកដាក់អនុវត្តការងារដើម្បីទទួលបាន​ជោគជ័យក្នុង​ការកែច្នៃទិន្នន័យនៃការធ្វើជំរឿន ការវិភាគ និងការផ្សព្វផ្សាយទិន្នន័យជំរឿនបានទាន់ពេលវេលា។ សេចក្តី​អំពាវ​នាវ​នេះ​បានធ្វើឡើងឱកាស សម្តេច អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតួលេខបណ្តោះ​អាសន្ននៃ​ជំរឿន​ទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩នេះ​នាសណ្ឋាគារភ្នំពេញ។
       សម្តេចក្រឡាហោម ដែលជាប្រធានគណ:កម្មាធិការជាតិជំរឿនបានមានប្រសាសន៍បន្តថា ជំរឿនប្រជាជន ជាការងារជាតិដ៏ធំធេងមានសារៈសំខាន់បំផុត និងមានចរិតប្រវត្តិសាស្ត្រ ហើយនៅពាក់កណ្ដាលឆ្នាំ ២០២០ ការងារនេះនឹងនាំមកនូវព័ត៌មានអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជនសំខាន់ៗ ជាលម្អិតតាំងពីថ្នាក់​ជាតិរហូតដល់ថ្នាក់ភូមិដែលជាកម្រិតភូមិសាស្រ្តតូចបំផុតនៅព្រះរាជាណាចក្រកម្ពុជាយើង។ សម្តេចក្រឡាហោម​បានបន្ថែមថា ជំរឿនទូទៅប្រជាជន ចាំបាច់ណាស់គឺត្រូវការខិតខំប្រឹងប្រែង បំពេញការងារក្នុងស្មារតីសហការ និងទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំរឿនគ្រប់ថ្នាក់តាំងពីសមាជិក សមាជិកានៃគណៈកម្មាធិការជំរឿនគ្រប់ថ្នាក់ រហូតដល់អាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិ និងមន្ត្រីនគរបាល ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច  ជាងនេះទៅទៀតមន្រ្តីសម្ភាសន៍ មន្ត្រីត្រួតពិនិត្យក្នុងការប្រតិបត្តិការជំរឿន រួមទាំងមន្ត្រីរាជការគ្រប់​ក្រសួងស្ថាប័ន​ជាតិ និងបងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសក៏ជាចំណែកមួយសម្រាប់ការ​ចូលរួមអនុវត្តកិច្ចការ​សកម្មភាពនៃការធ្វើជំរឿនទូទៅប្រជាជនដោយជោគជ័យ។
       សូមបញ្ជាក់ថា តាមទិន្នន័យបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ០៣ ខែមីនា ឆ្នាំ​២០១៩​ ប្រជាជនសរុប តាមវិធីសាស្រ្ត ( de-facto) មានចំនួន ១៥.២៨៨.៤៨៩នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧នាក់ និងស្រី ៧.៨៦៩.៩១២នាក់។ អត្រាកំណើន ប្រជាជនប្រចាំឆ្នាំបានថយចុះពី ១,៥ភាគ​រយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨មក ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើន​ប្រចាំ​ឆ្នាំរបស់​កម្ពុជាក្នុងទសវត្សចុងក្រោយនេះ ពិនិត្យឃើញថាខ្ពស់ជាងអត្រាកំណើនមធ្យមនៅ​អាស៊ីអាគ្នេយ៍​ដែល​មានតែមួយភាគរយ។ រាជធានីខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតគឺភ្នំពេញមាន២.១២៩.៣៧១នាក់ ហើយខេត្តកែបមានប្រជាជនតិចជាងគេបំផុត ៤១.៧៩៨នាក់។ ទំហំគ្រួសារជាមធ្យមមាន៤.៦ សម្រាប់ទូទាំងប្រទេស។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦នាក់ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េនៅឆ្នាំ២០១៩៕ គឹមអាន
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ