សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ជំរឿនប្រជាជនមានសារៈសំខាន់ ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានាក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព
August 07, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការ​ជាតិ​ជំរឿន បានគូសបញ្ជាក់ថា ជំរឿនប្រជាជននឹងផ្ដល់នូវទិន្នន័យប្រជាជនទាន់សម័យកាល ដែលជាមូលដ្ឋាន​សម្រាប់​ការតាមដានដំណើរការនៃកិច្ចអភិវឌ្ឍន៍ ការវាយតម្លៃ និងការរៀបចំគោលនយោបាយផ្សេង​ៗ​ដែលជា​តម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទិន្នន័យនេះមានតម្លៃណាស់សម្រាប់ការតាមដានត្រួតពិនិត្យ​ និងវាយ​តម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​ដទៃទៀត និងការសហការជាមួយប្រព័ន្ធស្ថិតិអន្តរជាតិ។ សម្តេចក្រឡាហោម បានធ្វើការគូសបញ្ជាក់​ដូចនេះនៅ​ក្នុង​ពិធីប្រកាសផ្សព្វផ្សាយតួលេខបណ្តោះអាសន្ននៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាសណ្ឋាគារភ្នំពេញ ដែលរៀបចំឡើងដោយគណ:កម្មាធិការជាតិជំរឿន នៃក្រសួងផែនការ និងមូលនិធិ​សហ​ប្រជា​ជាតិសម្រាប់ប្រជាជន។
     សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថា ជំរឿនប្រជាជនរបស់ប្រទេសកម្ពុជាឆ្នាំ ២០១៩​នេះ និងផ្ដល់នូវទិន្នន័យច្បាស់លាស់អំពីទំហំប្រជាជន និងចរិតលក្ខណៈប្រជាជន​បន្ទាប់ពីជំរឿន​ប្រជា​ជន​ ឆ្នាំ២០០៨ ដែលទិន្នន័យទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ទាំងឡាយសម្រាប់ធ្វើសេចក្តីសម្រេចប្រកបដោយប្រសិទ្ធភាពក្នុងការកសាងផែនការឆ្ពោះទៅរកការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សម្តេចក្រឡាហោមបានបន្តទៀតថា គោលនយោបាយជាតិប្រជាជន គឺជា​លទ្ធផលសំខាន់មួយដែលទទួលបានពីការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ផងដែរ ហើយការធ្វើចំណោល​ប្រជាជន​ដោយផ្អែកលើទិន្នន័យជំរឿនក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយរាជរដ្ឋាភិបាល ក្រសួងផែនការ និង​បណ្ដាក្រសួងផ្សេងៗ។ សម្តេចក្រឡាហោមក៏លើកឡើងដែរថា គ្រប់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិ និងបណ្ដាអ្នកស្រាវជ្រាវ មានជំនឿទុកចិត្តលើទិន្នន័យជំរឿន និងទទួលស្គាល់ថាជាស្ថិតិផ្លូវការថ្នាក់ជាតិផងដែរ៕ គឹមអាន

ដោយ៖​នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ