កម្ពុជា និងតួកគី ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ តាមរយៈកិច្ចព្រមព្រៀង រវាងក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ
July 31, 2019    អ្នកទស្សនា :

    ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋតួកគី ជាពិសេស​លើ​វិស័យ​សន្តិសុខនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយ​សាធារណ​រដ្ឋតួកគី នៅទីស្ដីការក្រសួងមហាផ្ទៃ​ នៃសាធារណរដ្ឋតួកគី​។ ដោយពិធីចុះហត្ថលេខានេះ​ត្រូវបានធ្វើឡើង​រវាង សម្ដេចក្រឡា​ហោម ស ខេង និងឯកឧត្តម Suleyman Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណ​រដ្ឋតួកគី​។
     ឯកឧត្តម Suleyman soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់សម្ដេចក្រឡាហោមនាពេលនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងកិច្ចទំនាក់ទំនង​រវាង​ប្រទេសទាំងពីរកាន់ខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី បានគូសបញ្ជាក់ថា ពាក់ព័ន្ធ​នឹងដំណើរទស្សនកិច្ចរបស់សម្ដេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ​ក្រសួងមហាផ្ទៃកម្ពុជា​នាឱកាស​នេះ គឺចំពេលនៃការប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជា​លើក​ទីមួយដែរ នៃទស្សនកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា និងការចុះកិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​សន្តិសុខរវាងប្រទេសទាំងពីរ​។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្ដែងសេចក្ដីរីករាយ និងអរគុណយ៉ាងជ្រាល​ជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលបានចាត់វិធានការប្រឆាំងនឹង​ក្រុម​ភេរវកម្មហ្វេកតូ នាពេលកន្លងមក ហើយថាភាគីទាំងពីរនឹងបន្តការងារយ៉ាងម៉ឺង​ម៉ាត់បន្ថែមទៀត​លើការងារ​ប្រឆាំងភេរវកម្មនេះ។
     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថ្លែងអំណរ​គុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី ដែលបានអញ្ជើញសម្ដេច និងគណៈប្រតិភូមក​បំពេញទស្សនកិច្ច​នាឱកាសនេះ។ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការអញ្ជើញនេះ ថាជាការបញ្ជាក់ឲ្យឃើញ​ពីបំណង​ដ៏​ល្អ​របស់ឯកឧត្តមរដ្ឋមន្រ្តី និងរដ្ឋាភិបាលតួកគី ក្នុងការលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរនិយាយជារួម និងដោយឡែកពាក់ព័ន្ធនឹងកិច្ច​សហប្រតិបត្តិការសន្តិសុខ​រវាងក្រសួងមហាផ្ទៃ​ប្រទេសទាំងពីរ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ប​ន្ថែមថាអ្វីៗដែលភាគីទាំងពីរ​ទទួលបាននៅថ្ងៃ​នេះ​ គឺដោយសារការត្រួសត្រាយពីថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ គឺឯកឧត្តមប្រធានាធិបតីតួកគី និង​សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។ដោយឡែក សម្ដេចក្រឡាហោមក៏បានបង្ហាញការជឿជាក់ដែរថា ក្រៅពីរាជរដ្ឋាភិបាល ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងកាន់តែមានការរីក​ចម្រើនផងដែរ ជាក់ស្ដែងនៅតួកគីសព្វថ្ងៃ មាននិស្សិតខ្មែរមកសិក្សាប្រមាណ៧០នាក់ ហើយសម្ដេចសង្ឃឹម​ថាចំនួននិស្សិតមកសិក្សានឹងមានការកើនឡើងផងដែរ។
     សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាង រាជរដ្ឋាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ផ្តោតលើចំណុចពីរសំខាន់រួមមាន៖
១.កិច្ចសហប្រតិបត្តិការពង្រឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, ឧក្រិដ្ឋកម្មពាក់ព័ន្ធភេរវកម្ម, ឧក្រិដ្ឋកម្ម​ដែល​មានអង្គការចាត់តាំង( រត់ពន្ធ និងទេសសន្តប្រវេសន៍ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន)
២.កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលធនធានមនុស្សដែលក្នុងនោះរូមមាន៖ ការបណ្ដុះបណ្ដាលកម្រឹតវិញ្ញាបនប័ត្រជំនាញ, កម្មវិធីបណ្ដុះបណ្ដាលកម្រឹតមូលដ្ឋាន​សំរាប់មន្ត្រី​អនុវត្តច្បាប់​, កម្មវិធីកម្រឹតវិញ្ញាបនប័ត្រជាន់ខ្ពស់សម្រាប់មន្ត្រីទីភ្នាក់ងារអនុវត្តច្បាប់, កម្មវិធីថ្នាក់បរិញ្ញាប័ត្រ, ថ្នាក់បរិញ្ញា​ប័ត្រ​ជាន់ខ្ពស់, និងថ្នាក់បណ្ឌិតដែលត្រូវកំណត់ដោយវិទ្យាស្ថានមានសម្ព័ន្ធភាពមាន ( បណ្ឌិត្យសភានគរបាល​តួកគី, បណ្ឌិត្យសភាកងរាជអាវុធហត្ថ, បណ្ឌិត្យសភាឆ្មាំសមុទ្រ, បណ្ឌិត្យសភានៃស្ថាប័នមាន​សមត្ថកិច្ចការពារ​លំហ​សមុទ្រ, ព្រមទាំងវិទ្យាស្ថានដែលមានសម្ព័ន្ធភាពជាមួយបណ្ឌិត្យ​សភាបណ្តុះបណ្ដាលកងកម្លាំងអនុវត្ត​ច្បាប់​កម្ពុជា) និងកម្មវិធីថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ដោយផ្ដល់អាទិភាពជូនមន្ត្រីជាន់ខ្ពស់, មន្ត្រីនៅក្នុង​តួនាទី​រដ្ឋបាល។
     គួរបញ្ជាក់បន្ថែមដែរថា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី ដែលភាគីទាំងពីរបានចុះហត្ថលេខានេះ គឺជាលទ្ធផលកើតចេញពីការឯកភាព​គ្នារវាង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រេជីប ថាយីប អ៊ែរដ៏វ៉ាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ក្នុងឱកាសសម្ដេចអញ្ជើញបំពេញ​ទស្សនកិច្ចនៅ​សាធារណរដ្ឋតួកគី កាលពីចុងខែតុលា ឆ្នាំ២០១៨កន្លងទៅ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ