សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
November 16, 2022    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានឡើងអានព្រះរាជក្រឹត្យ និងអនុក្រឹត្យ ព្រមទាំងសេចក្តីសម្រេច ស្ដីពីការប្រកាសប្រគល់តួនាទីភារៈកិច្ចជូនឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភិរៈ ជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ បានធ្វើការប្ដេជ្ញាចិត្តថា គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ, ខិតខំអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបំពេញភារកិច្ចតាមថ្នាក់ដឹកនាំក្រសួងបានប្រគល់ជូន ដើម្បីលើកស្ទួយកិតិ្តយស ក្នុងវិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ទាំងនៅថ្នាក់ជាតិ និងអន្ដរជាតិ, សហការសម្របសម្រួលលើគ្រប់វិស័យកីឡានៅតាមបណ្ដាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ និងលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ ឱ្យមានការរីកចម្រើន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បានប្ដេជ្ញាជាពិសេស គឺរក្សានូវសាមគ្គីភាព និងឯកភាពជាតិ ព្រមទាំងខិតខំលើកកម្ពស់សមត្ថភាព គុណធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងភាពស្មោះត្រង់របស់មន្ដ្រី ដើម្បីឱ្យអង្គភាពទទួលបានវឌ្ឍនៈភាព និងកិត្តិយសស្របតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំថា ការប្រកាសប្រគល់តួនាទីភារៈកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនាពេលនេះ គឺជាការប្រគល់សេចក្តីទុកចិត្ត និងការទទួលខុសត្រូវខ្ពស់ដែលអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធចំពោះសមាសភាពរបស់មន្ដ្រី នៅក្នុងអគ្គលេខាធិការដ្ឋានឱ្យកាន់តែម៉តចត់បន្ថែមទៀត។ សម្ដេចក្រឡាហោម បានរំលឹកថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់មន្ដ្រីក្របខ័ណ្ឌ ដើម្បីបម្រើឱ្យវិស័យកីឡា។ បន្ថែមពីនេះ សម្តេចក្រឡាហោម បានណែនាំឱ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ត្រូវស្វះស្វែងកៀរគរប្រមូលរកធនធាន និងត្រូវរៀបចំកសាងនូវមូលដ្ឋានមជ្ឈមណ្ឌលហ្វឹកហាត់មួយឱ្យបានច្បាស់លាស់ សម្រាប់កីឡាករ បានហ្វឹកហ្វឺនគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅត្រឹមត្រូវក្នុងអំឡុងពេលហ្វឹកហាត់។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានបង្ហាញក្ដីសង្ឃឹមដល់ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទើបតែងតាំងថ្មី នឹងអាចធ្វើឱ្យគ្រូបង្ហាត់ និងកីឡាករ របស់ក្រសួងមហាផ្ទៃ មានការវិវត្តន៍រីកចម្រើនបន្ថែមទៀត តាមការរំពឹងទុករបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាចមានលទ្ធភាពឈានចូល ប្រកួតប្រជែងទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្ដរជាតិ។

សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី ទាំងអស់របស់ក្រសួងមហាផ្ទៃ ដែលធ្លាប់បានទទួលពានរង្វាន់នាពេលកន្លងមក ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើនសម្រាប់លើកកម្ពស់កិត្តិយស និងមុខមាត់ជាតិ និយាយជារួម និងសម្រាប់ក្រសួងមហាផ្ទៃ និយាយដោយឡែក។

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់អគ្គនាយកដ្ឋានានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក-សមាជិកា នៃក្រុមប្រឹក្សាកីឡារបស់ក្រសួងមហាផ្ទៃ ទាំងអស់ ឱ្យចូលរួមគាំទ្រ ធ្វើយ៉ាងណាឱ្យកីឡារបស់ក្រសួងមហាផ្ទៃ ទទួលបានការកាន់តែច្រើន និងមានដំណើរកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចក្រឡាហោម បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខិតខំពង្រឹងក្លឹបបាត់ទាត់នគរបាលជាតិឡើងវិញ ដោយសារមួយរយៈនេះ សម្ដេច សង្កេតឃើញថា ក្លិបនេះមានការធ្លាក់គុណភាព នៃការប្រកួត។ សម្ដេច មានក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់នគរបាលជាតិ និងកីឡាករ នឹងខិតខំប្រឹងប្រែងធ្វើក្លិបបាល់ទាត់នគរបាលជាតិ មានភាពល្បីល្បាញឡើងវិញ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ សម្ដចក្រឡាហោម ស ខេង ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី តាមប្រភេទវិស័យកីឡាមានសក្ដានុពលរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២២នេះផង ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកីឡារយៈពេលយូរអង្វែងផង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ