ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
April 25, 2024    អ្នកទស្សនា :

ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយជោគជ័យ នៅសហព័ន្ធស្វីស នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ម៉ោងនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទៅដល់ទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រកបដោយសុវត្ថិភាព។

មុនបន្តដំណើរពីសហព័ន្ធស្វីស មកកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួមកម្មវិធីពិសាអាហារសាមគ្គីពេលល្ងាចផ្លូវការ រៀបចំដោយឯកឧត្តម Arno Wicki ឧបការីអគ្គនាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងជាប្រធានផ្នែកអាស៊ី-អាមេរិកឡាទីន និងការ៉ាប៊ីន នៅវិមាន Bellevue ក្នុងទីក្រុងប៊េន។ ក្នុងពិធីនោះឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលបានយកចិត្តទុកដាក់ផ្ដល់កិច្ចសហប្រតិបត្តិការ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា ជាពិសេសបានសម្របសម្រួលដំណើរទស្សនកិច្ចជូនគណៈប្រតិភូកម្ពុជានៅសហព័ន្ធស្វីស ប្រកបដោយជោគជ័យ។​

សូមជម្រាបជូនដែរថា សម្រាប់ការបន្តដំណៀរទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់អាល្លឺម៉ង់ ស្ដាប់បទបង្ហាញលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងវិស័យមហាផ្ទៃដោយវាគ្មិនជំនាញៗ ព្រមទាំងអញ្ជើញទស្សនកិច្ចសិក្សានៅតាមទីតាំងមួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថា តាមរយៈទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ នៅសហព័ន្ធស្វីស និងនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នាឱកាសនេះ នឹងដកស្រង់បទពិសោធន៍បន្ថែមទៀតលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំងពីរ សម្រាប់ការបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ