សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យអគ្គស្នងការនៃកងកម្លាំងនគរបាលសឹង្ហបុរី ចូលជួបសម្តែងការគួរសម
March 04, 2019    អ្នកទស្សនា :

       នៅរសៀលថ្ងៃចន្ទ​ ១៣រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ត្រូវនឹងថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០១៩​ នាទីស្តីការក្រសួង សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាតឲ្យ ឯកឧត្តម Hoong Wee Tech  អគ្គស្នងការនៃកងកម្លាំងនគរបាលសឹង្ហបុរី ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍​ក្រោមបញ្ចប់ជំនួបឲ្យដឹងថា សម្តេចក្រឡាហោម ស ខេងកោតសរសើរដល់កង​កម្លាំងនគរបាល​សឹង្ហ​បុរីដែលបានខិតខំបំពេញភារកិច្ចយ៉ាងល្អប្រសើរជូនសង្គមជាតិ ដែលជាកត្តារួមចំណែក​យ៉ាងសំខាន់​មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសឹង្ហបុរី។ សម្តេច​ក្រឡាហោមបានថ្លែងអំណរ​គុណចំពោះ​រដ្ឋា​ភិបាល និងនគរបាលសឹង្ហបុរី ដែលបានបន្តជួយគាំទ្រដល់ការ​បណ្តុះបណ្តាលធនធានមនុស្ស​កម្ពុជា ពិសេសគឺកងកម្លាំងនគរបាលជាតិកម្ពុជា។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត បន្តបញ្ជាក់ឲ្យដឹងថា គោលបំណងក្នុងដំណើរ​ទស្សន​កិច្ច​ក្នុង​ឱកាសនេះរបស់ ឯកឧត្តម Hoong Wee Tech  អគ្គស្នងការនៃកងកម្លាំងនគរបាលសឹង្ហបុរី គឺ​ដើម្បីជួបពិភាក្សាការងារ ជាមួយអគ្គស្នងការដ្ឋាននគរបាលលជាតិនៅលើបញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន ការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក ហើយការបន្តពង្រឹកនិង​ពង្រីកការងារ​បណ្តុះ​បណ្តាលមន្រ្តីនៅប្រទេសសឹង្ហបុរី ក៏ដូចនៅប្រទេសកម្ពុជា។ ឯកឧត្តម Hoong Wee Tech  បានបន្ថែមទៀតថា តាមរយៈលទ្ធផលនៃជំនួបពិភាក្សា​ជាមួយអគ្គស្នងការដ្ឋាននគរ​បាលជាតិ​គឺទទួលបានលទ្ធផលប្រសើរ។ ឯកឧត្តម អគ្គស្នងការនៃកងកម្លាំងនគរបាលសឹង្ហបុរី សូមកោត​សរសើដល់នគរបាលជាតិកម្ពុជាដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសសឹង្ហបុរី ដែលពួក​គេមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ហើយក្រោយការបញ្ចប់ការសិក្សាពួក​គេបានចូល​រួមបំពេញការងារប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថាប័នដែលបញ្ជូនពួកគេទៅធ្វើការបណ្តុះបណ្តាលនោះ។

     ជាចុងបញ្ចប់ សម្តេចក្រឡាហោម បានស្នើដល់ភាគីសឹង្ហបុរីបន្តពិនិត្យលទ្ធភាព​ពង្រីកវិសាលភាព​នៃកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ប្រសិនមានអ្វី​ដែលភាគីសឹង្ហបុរីយល់ឃើញថាមានសារប្រយោជន៍ដល់ប្រទេសទាំងពីរគឺយើងអាចពិនិត្យលទ្ធភាពជជែក ដើម្បីធ្វើការបន្ថែមនៅលើអ្វីដែលយើងមានស្រាប់៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ