លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
April 18, 2024    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំវេទិការវាងរាជរដ្ឋាភិបាល

និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្តទាំង២៥ ជាច្រើនរូប។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាល​ថ្នាក់ក្រោមជាតិក្រោមនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៣០ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តម បានបន្ថែមថា វេទិកានេះនឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងពីឆ្នាំ២០២៤នេះ អាស្រ័យហេតុនេះទន្ទឹមនឹងការដាក់ចេញនូវសេចក្តីណែនាំសម្រាប់រៀបចំវេទិកានេះ គ.ជ.អ.ប. ក៏បានដាក់ចេញនូវផែនការសកម្មភាពនិងក្របខណ្ឌពេលវេលាអនុវត្តវេទិកានេះសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំនាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ។

ឯកឧត្តម ក៏បានលើកឡើថា កម្មវិធីនាថ្ងៃនេះ គឺការបណ្ដុះបណ្ដាលដល់ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ ហើយឯកឧត្តមស្នើឱ្យក្រុមការងារបច្ចេកទេសដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងមានតួនាទីជាអ្នករៀបចំ និងអនុវត្តផ្ទាល់លើកិច្ចការនេះ ត្រូវយកចិត្តទុកដាក់ស្ដាប់នូវបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមលើកទឹកចិត្ត ក្នុងការលើកជាសំណួរ ដើម្បីឱ្យមានការបញ្ជាក់ឱ្យបានច្បាស់លាស់។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំសម្រាប់ក្រុមការងារបច្ចេកទេសក្នុងគោលបំណងតម្រង់ទិស និងគាំទ្រដល់ការរៀបចំវេទិកានៅថ្នាក់រាជធានី ខេត្ត អំពីតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចការសំខាន់ៗដែលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចាត់ចែងអនុវត្តស្របទៅតាមសេចក្ដីណែនាំ ដោយផ្អែកតាមផែនការសកម្មភាព និងក្របខណ្ឌពេលវេលាឆ្នាំ២០២៤ និងដើម្បីធានាថារដ្ឋបាលថ្នាក់ក្រោមជាតិអាចចាត់ចែងរៀបចំវេទិកានៅថ្នាក់រាជធានី ខេត្តនេះបានដោយរលូន និងមានប្រសិទ្ធភាព។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ