មន្រ្តីចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ ផ្ញើលិខិតជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រតិកម្មពាក់ព័ន្ធនឹងការញុះញង់បន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៏ និងសុខសន្តិភាពកម្ពុជា ពីអ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក
November 24, 2020    អ្នកទស្សនា :

មន្ដ្រីរាជការចូលនិវត្តន៍នៃក្រសួងមហាផ្ទៃ បានផ្ញើលិខិតចំហរមួយជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅសហរដ្ឋអាមេរិក ដែលបានលើកឡើង និងផ្សព្វផ្សាយក្នុងចរិកញុះញង់ប៉ុនប៉ងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជាសុខសន្ដិភាពរបស់កម្ពុជាដែលកំពុងមានសព្វថ្ងៃ។

ក្នុងលិខិតនោះបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ និងអភិវឌ្ឍន៍ខ្លួន ក្រោយងើបពីគំនរផេះផង់នៃរបបប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិល ដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាដល់ចំណុចសូន្យ ជាពិសេស ក្នុងកាលៈទេសៈដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព មានបុគ្គលអ្នកនយោបាយ ជ្រុលនិយមមួយចំនួនតូចនៅសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យបាននឹងកំពុងញុះញង់មិនចេះចប់មិនចេះហើយឲ្យមានការដាក់ទណ្ឌកម្ម ឬចាត់វិធានការរឹតបន្ដឹងផ្សេងៗ មកលើប្រទេសកម្ពុជា ដែលជាប្រទេសទន់ខ្សោយតូចមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ធ្លាប់ជាជនរងគ្រោះដោយសារឥទ្ធិពលរបស់មហាអំណាចផងដែរ។

លើសពីនេះទៀតក្នុងលិខិតដដែលនេះបានបញ្ជាក់បន្តថា ប្រជាពលរដ្ឋទូទៅសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ខណៈដែលប្រទេសកម្ពុជា កំពុងទទួលរងទុក្ខវេទនាយ៉ាងខ្លោចផ្សាជាមួយរបបប្រល័យពូជសាសន៍ តែបែរជារបបមួយនេះត្រូវបានទទួលការគាំទ្រយ៉ាងងងើលពីប្រទេសមួយចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរួមទាំងសហរដ្ឋអាមេរិកផងដែរ ឲ្យអង្គុយក្នុងអសនៈនៃអង្គការសហប្រជាជាតិធ្វើជាតំណាងឲ្យប្រជាពលរដ្ឋដែលរបបរបស់ខ្លួនកាប់សម្លាប់ទៅវិញ។ មិនត្រឹមតែមិនបាន មើលឃើញនូវតថភាពប្រវត្តិសាស្រ្តទាំងនេះ អ្នកនយោបាយមួយក្តាប់តូចនៅសហរដ្ឋអាមេរិក បែរជាយកលេសក្រោមហេតុផលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមកធ្វើការគាបសង្កត់ក្នុងមហិច្ឆតាបំផ្លិចបំផ្លាញ។

តាមរយៈសារលិខិតនេះដដែរបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើពលិកម្ម ក្នុងបុព្វហេតុស្តារឡើងវិញនូវសិទ្ធិ និងសេរីភាព ឲ្យងើបចេញពីរណ្តៅប្រល័យពូជសាសន៍ រហូតទាមទារបានមកវិញនូវសិទ្ធិជាមូលដ្ឋានទាំងស្រុងរបស់មនុស្ស រួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ និងសិទ្ធិជាមូលដ្ឋានដទៃទៀត។ ផ្ទុយទៅវិញ អន្តរជាតិរួមទាំងបុគ្គលមួយក្តាប់តូចនៅសហរដ្ឋអាមេរិកនោះ គួរតែសាទរចំពោះការខិតខំស្តារឡើងវិញនេះ និងការខិតខំត្រដររស់ទាំងលំបាករហូតបង្កើតបានសមិទ្ធផលសង្គមដូចសព្វថ្ងៃ។ សំនួរសួរវិញថា តើការព្យាយាមលើកយកហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាចេតនាចង់បង្កើតរបបប្រល័យពូជសាសន៍ ដែលពួកបុគ្គលមួយចំនួននៅសហរដ្ឋអាមេរិកធ្លាប់គាំទ្រនោះឬយ៉ាងណា?

លិខិតនេះក៏បានបន្ថែមផងដែរថា កម្ពុជា និងសហរដ្ឋអាមេរិក គឺជារដ្ឋអធិបតេយ្យដូចគ្នា ហើយការសម្រេចធ្វើអ្វីមួយ គឺសិទ្ធិអធិបតេយ្យផ្តាច់មុខរបស់ខ្លួន។ ក៏ប៉ុន្តែទោះបីយ៉ាងនេះក្តី គប្បីធ្វើការថ្លឹងថ្លែងពិចារណាឲ្យបានដិតដល់ថា កម្ពុជាពុំដែលបង្កឲ្យមានអរិភាព ឬភាពល្អក់កករណាមួយក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង និងសហរដ្ឋអាមេរិកនោះទេ ហើយកម្ពុជាទៅវិញទេដែលបានក្លាយជាជនរងគ្រោះម្តងហើយម្តងទៀតពីទង្វើរបស់អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន និងការលូកដៃកកូរកកាយដល់ស្ថិរភាពផ្ទៃក្នុង និងសន្តិភាពរបស់កម្ពុជា។

កម្ពុជាតែងមានបំណងល្អ និងខិតខំពូនជំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តទាំងឡាយ។ ការវិវត្តន៍ក្នុងរយៈពេលចុងក្រោយនេះ បានឱ្យឃើញថា កម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាននឹងកំពុងខិតខំស្តារ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង ទោះបីជាជួបប្រទះនូវបញ្ហារអាក់រអួលមួយចំនួន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដោយ។

ក្នុងនាមមន្ត្រីរាជការចូលនិវត្តន៍ និងផ្អែកតាមតថភាពនៃប្រវត្តិសាស្ត្រ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ឯកអគ្គរដ្ឋទូត និងអ្នកនយោបាយគ្រប់រូបនៅសហរដ្ឋអាមេរិក នឹងបន្តចូលរួមចំណែកលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឲ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ ហើយសូមកុំទាញកម្ពុជាឲ្យដើរជាន់ដានប្រវត្តិសាស្រ្តខ្លួនឯង ដូចសហរដ្ឋអាមេរិកធ្លាប់បានធ្វើមកលើកម្ពុជានៅក្នុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ