សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យលើកិច្ចការងារស្ដីពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា
July 21, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា ឬហៅកាត់ថា FPCS (Foreigners Present in Cambodia System) ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍កោតសរសើចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអនុវត្តកិច្ចការងារ គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៅក្នុងកម្ពុជាប្រកបដោយភាពត្រឹមត្រូវ បើទោះបីជាក្នុងរយៈកាលកន្លងមកមានមតិរិះគន់ និងការមិនពេញចិត្តចំពោះករណីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នេះយ៉ាងណាក្តី។ សម្តេចក្រឡាហោមបានបន្តថា បច្ចុប្បន្នការគ្រប់គ្រង វត្តមានជនបរទេសនៅកម្ពុជាមានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុន ដោយហេតុថារាល់ការងារចុះបញ្ជីវត្តមាន ជនបរទេសទាំងអស់មានភាពត្រឹមត្រូវជាងមុន ដោយឡែកជនបរទេសដែលមិនបានមកចុះបញ្ជីស្របច្បាប់ នោះគឺមិនទទួលស្គាល់ឡើយ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា មកដល់ឆ្នាំ២០១៩នេះ ដើម្បីជម្រុញការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋានបានសិក្សាឡើងវិញ និងស្នើសុំក្រសួងកែសម្រួលសេចក្ដីណែនាំ និងដាក់ចេញសេចក្ដីណែនាំថ្មីស្ដីពីការគ្រប់គ្រងវត្តមានជនអន្តោប្រវេសន៍ដែលមានវត្តមាននៅកម្ពុជា។

      ឯកឧត្តមបានបន្ថែមថា អគ្គនាយកដ្ឋានបានដាក់ចេញនូវផែនការដើម្បីអនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងនោះបានសិក្សាដើម្បីបង្កើតប្រព័ន្ធព័ត៌មានវិទ្យា ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងប្រតិបត្តិការជូនដំណឹងវត្តមានជនបរទេសរបស់ម្ចាស់អាជីវកម្ម អ្នកកាន់កាប់លំនៅដ្ឋាន មកកាន់នគរបាលមានសមត្ថកិច្ច ក្នុងការមានលទ្ធភាពពិនិត្យទិន្នន័យជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន ក៏ដូចជាការងារស្រាវជ្រាវផ្សេងៗ។

      បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមបច្ចេកទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានការរៀបចំពីប្រព័ន្ធកុំព្យូទ័រ មកប្រព័ន្ធកម្មវិធីថ្មី(App) ដែលមានឈ្មោះថាប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) ដែលប្រព័ន្ធនេះអាចប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយអាចទាញយកទិន្នន័យចូលក្នុងប្រព័ន្ធដោយប្រើប្រាស់រយៈពេលខ្លី។ ឯកឧត្តម បានបន្តថា កន្លងមក អគ្គនាយកដ្ឋានក៏បានចាត់ក្រុមបច្ចេកទេសចុះតាមស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្រៀនដល់ប៉ុស្ដិ៍រដ្ឋបាលទាំងអស់ឲ្យយល់ និងចេះប្រើប្រាស់ប្រព័ន្ធ របៀបចុះបញ្ជី ហើយប្រើប្រាស់នគរបាលរដ្ឋបាលជាសំខាន់ក្នុងការគ្រប់គ្រងជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយការងាររបស់នគរបាលរដ្ឋបាលមានលក្ខណៈសកម្ម ហើយពួកគាត់ជួយជម្រុញឲ្យប្រព័ន្ធដំណើរការបានល្អ។

      ជាងនេះទៀត ឯកឧត្តមក៏បានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា នេះផ្ដល់អត្ថប្រយោជន៍សម្រាប់ម្ចាស់ទីតាំងផង និងនគរបាលសមត្ថកិច្ចផង ដោយម្ចាស់ទីតាំងអាចប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ភ្ញៀវចេញ-ចូល ហើយនគរបាលមូលដ្ឋានអាចឆែកមើលថាក្នុងមូលដ្ឋានមានភ្ញៀវប៉ុន្មាននាក់ ស្នាក់នៅគោលដៅណាមួយ។

      សូមជម្រាបជូនថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) នេះជាកម្មវិធីApp ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទ, Tablet ឬកុំព្យូទ័រ ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មអាចតំឡើងកម្មវិធីនេះបានដោយងាយស្រួល។ ព្រមជាមួយគ្នានេះ ដើម្បីសម្រួលនិងជំនួយដល់ការប្រើប្រាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរៀបចំជាមេរៀនខ្លីៗ ស្ដីពីរបៀបតំឡើង ក៏ដូចជារបៀបប្រើប្រាស់កម្មវិធីជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ