ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣
July 21, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាននានា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

      សូមជម្រាបថា ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នាពេលព្រឹកនេះ រួមមាន ៖ទី១-អនុក្រឹត្យស្ដីពី លិខិតអនុញ្ញាតសាងសង់ មាន១២ជំពូក និង៥៧មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធី ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលាភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានសំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី២-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ មាន១៣ជំពូក និង៥៥មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រ ប្រើប្រាស់សំណង់ និងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ក្នុងគោលបំណងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

និងទី៣-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់ មាន១២ជំពូក និង៥៩មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង លក្ខខណ្ឌ និងនិតីវិធីនៃការផ្ដល់ ការបញ្ចប់សុពលភាព ការបន្ដសុពលភាព ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

      នាឱកាសនោះដែរ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កិច្ចប្រជុំបច្ចេកទេសពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យ ចំនួន៣ខាងលើនាពេលព្រឹកនេះ គឺដើម្បីពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង៣នេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ និងការកោតសសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកន្លងមកបានសហការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជា កំណែទម្រង់ស្នូលនៅកម្ពុជាយើង។

      ឯកឧត្តមក៏បានកោតសសើរចំពោះក្រុមការងារក្រសួងរៀបចំដែនដី ដែលបានរៀបចំ នៅសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ សម្រាប់ដាក់ចេញអនុវត្តក្នុងគោលដៅនៃការគ្រប់គ្រងសំណង់នៅកម្ពុជាផងដែរ។ ហើយសេចក្ដីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ប្រជុំពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដែរ។ ឯកឧត្តមបន្តថា សេចក្ដីព្រាងអនុក្រឹត្យនេះដែរ គឺបានកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យ នៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ