ក្រសួងមហាផ្ទៃ បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ
July 20, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូមរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាល ក្រុង ស្រុក ខណ្ឌ សរុបប្រមាណ១២៩រូប មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។

      ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នាពេលព្រឹកនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ហើយសាលាជាតិរដ្ឋបាលមូលដ្ឋាន បានសហការជាមួយលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) ដើម្បីរៀបចំឡើងនូវ វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

      ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «ក្នុងនាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះវត្តមានរបស់ លោក-លោកស្រី ចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ ដែលចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នាពេលព្រឹកនេះ»។

      ជាងនេះទៅទៀត ឯកឧត្តម រដ្ឋលេខាធិការ ក៏បានកោតសសើរចំពោះកិច្ចសហការ និងកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក៏ដូចជាថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារនៃនាយកដ្ឋានបណ្ដុះបណ្ដាល និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។

      ឆ្លៀតក្នុងឱកាសនៃការជួបគ្នានាពេលនេះ ឯកឧត្តម កុល វីរក្ស បានគូសបញ្ជាក់ឡើងវិញ ជូនថ្នាក់ដឹកនាំ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ អំពីសមត្ថភាពសំខាន់មួយចំនួន ក៏ដូចជា ឆន្ទះនយោបាយ និងចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ឬហៅថា កំណែទម្រង់តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ។

      ឯកឧត្តម បញ្ជាក់ថា នៅឆ្នាំ២០២០នេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអនុវត្តតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ទាំងនេះបានបញ្ជាក់ថា ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានរយៈពេលជាង១០ឆ្នាំមកហើយ។ បើនិយាយនៅថ្នាក់ ឃុំ-សង្កាត់ គឺមានរយៈពេលជាង១៨ឆ្នាំ ហើយនៅក្នុងរយៈពេលនេះក៏បានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មានចំនួន៣ដង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ