អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល
June 17, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់នាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល។

      ថ្លែងនាឱកាសនោះ ឯកឧត្តមបានលើកឡើងពីគោលបំណងកិច្ចប្រជុំពេលនេះថា គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមនានារបស់នាយកដ្ឋាន។ ឯកឧត្តមបន្តថា នាយកដ្ឋាននេះ មានតួនាទី ភារកិច្ចសំខាន់ណាស់ដែលចុះអង្កេតបានទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ កុំភាន់ច្រលំជាមួយនឹងតួនាទីភារកិច្ចរបស់នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាលឱ្យសោះ ដែលនេះចាំបាច់ទាមទារមន្ត្រីត្រូវមានសមត្ថកិច្ចគ្រប់គ្រាន់ និងបានជម្រុញដល់មន្រ្តីខិតខំស្រាវជ្រាវបន្ថែមក្នុងការបង្កើនចំណេះដឹងដើម្បីឆ្លើយតបតាមតម្រូវការងារ។

      ឯកឧត្តមបានលើកឡើងប្រសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ថា " មន្ត្រីអធិការកិច្ច គឺជាបូជនីយបុគ្គល ដែលត្រូវតម្កល់យុត្តិធម៌ជាចម្បង"។ ហេតុនេះ ឯកឧត្តម បានស្នើអស់លោក លោកស្រី ក្នុងនាមជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់អនុវត្តតាមអនុសាសន៍ដ៏មានតម្លៃខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ក្នុងការអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបន្ថែមទៀតថា ក្នុងនោះដែរត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ តម្លាភាព សីលធម៌ ភាពទន់ភ្លន់តែម៉ឹងម៉ាត់ពេលចុះបំពេញបេសកកម្មរបស់ខ្លួន និងឈរលើរគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមូលដ្ឋាន ត្រូវជៀសវាងដាច់ខាត ឆ្លៀតឱកាស ទាញយក ឬបម្រើផលប្រយោជន៍របស់ខ្លួន ឬលាភសក្ការៈណាមួយ។

      បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំមួយចំនួនមាន៖ ត្រូវគោរពតួនាទីតាមឋានានុក្រម របៀបរបបការងារ ពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលមន្ត្រី យន្តការដោះស្រាយបណ្តឹងឈរលើគោលការណ៍ប្រកបដោយយុត្តិធម៌ មានក្រមសីលធម៌ ពន្លឿនដោះស្រាយសំណុំរឿង ស្មោះត្រង់ចំពោះអង្គភាព និងការងារ។ 

      អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈម សំណូមនានា ដើម្បីចូលរួមគ្នាដោះស្រាយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តការងារចំពោះមុខ។

      ជាកិច្ចបញ្ចប់អង្គប្រជុំ ឯកឧត្តម បានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី នឹងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាពដើម្បីទទួលបានលទ្ធផលកាន់តែល្អថែមទៀតផងដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ