ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
February 24, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា ប្រធាន អនុប្រធាននាយកដ្ឋាននានា និងមន្រ្តីពាក់ព័ន្ធផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាកិច្ចប្រជុំក្រុមការងាររៀបចំតាក់តែងធ្វើសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែមធាតុចូលដែលពាក់ព័ន្ធ ព្រមទាំងដើម្បីពិភាក្សាដាក់ចេញនូវផែនការសកម្មភាពបន្តសម្រាប់ការពន្លឿននូវដំណើរការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ឱ្យបានឆាប់ចប់។

      សូមជម្រាបថា ច្បាប់នេះមានគោលបំណង ធានាឱ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្រ្តៃយ៍, ធានាឱ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្រ្តៃយ៍, ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងអចិន្រ្តៃយ៍ ដើម្បីផលិតស្ថិតិអត្រានុកូលដ្ឋាន និងកំណត់អត្តសញ្ញាណបុគ្គលខាងផ្លូវច្បាប់ ចំពោះបុគ្គលគ្រប់រូប និងធានានូវសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ ការតាមដានភាពរីកចម្រើននៃសង្គម។ ច្បាប់នេះមាន១២ជំពូក ហើយមានវិសាលភាពអនុវត្តចំពោះជនគ្របរូបដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ