សម្ដេចតេជោ ហ៊ុន សែន ៖ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្ដជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព
February 20, 2020    អ្នកទស្សនា :

      សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្ដជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែសកម្មផុលផុស ដើម្បីបំផុសចលនាប្រជាជនឲ្យចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។

      ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ធ្វើយ៉ាងណាឲ្យ ភូមិ-ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ។

      សម្ដេចតេជោ  មានប្រសាសន៍ថា “គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្ដជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែសកម្មផុលផុស ដើម្បីបំផុសចលនាប្រជាជនឲ្យចូលរួមជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនខុសច្បាប់ ចោរកម្ម ឃាតកម្ម អំពើប្លន់ប្រដាប់អាវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការកាប់ឈើខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ អាជីវកម្មរ៉ែខុសច្បាប់ អាជីវកម្មខ្សាច់ខុសច្បាប់ និងប៉ុស្ដិ៍ត្រួតពិនិត្យខុសច្បាប់ ជាដើម"។

     ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អំពីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួមហាផ្ទៃ ត្រូវបន្ដខិតខំសហការសម្របសម្រួលជាមួយកម្មវិធីកំណែទម្រង់នានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការផ្ទេរធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិ ហើយនីតិវិធីនានាសម្រាប់ការងារនេះ ត្រូវស្របតាមប្រព័ន្ធវិមជ្ឈការ សំដៅធានាឲ្យរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ដែលត្រូវបានរៀបចំឡើងវិញ ដំណើរការដោយរលូន មានប្រសិទ្ធភាព ដើម្បីធានាឲ្យថ្នាក់រដ្ឋបាលទាំងនេះ អនុវត្តមុខងារនានាជាច្រើនដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រឹងសមត្ថភាព និងការផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដល់រដ្ឋបាល ឃុំ-សង្កាត់ ក្នុងការចាត់ចែងប្រើប្រាស់ថវិកាដែលបានបង្កើនសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ប្រកដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។

      សម្ដេចតេជោ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្ដធ្វើការតាំងចិត្តខាងនយោបាយយ៉ាងមុតមាំក្នុងការបន្ដផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិលើកកម្ពស់ភាពជាម្ចាស់ ប្រកបដោយភាពច្នៃប្រឌិតក្នុងការចាត់ចែងប្រើប្រាស់មុខងារ និងធនធានដែលបានផ្ទេរ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅជំរុញ លើកទឹកចិត្ត លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន។

      សម្ដេចបន្ថែមថា បន្ដខិតខំយកចិត្តទុកដាក់ធ្វើការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់មន្ដ្រីរាជការស៊ីវិលកងកម្លាំងនគរបាលជាតិ និងមន្ដ្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់នូវជំនាញវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើជាក់ស្ដែងថ្មីៗ ស្របតាមការវិវឌ្ឍនរីកចម្រើននៃសង្គមជាតិ ដើរទន្ទឹមនឹងការពង្រឹងវិន័យសីលធម៌វិជ្ជាជីវៈរបស់មន្ដ្រីគ្រប់ៗរូប សំដៅលើកកម្ពស់សមត្ថភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាសង្គម សេវារដ្ឋបាល សេវាសន្ដិសុខ និងសេវាសាធារណៈចាំបាច់ជាមូលដ្ឋាន ដែលពាក់ព័ន្ធជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។

      ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងទៀតថា ដើម្បីពង្រឹងទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមមូលដ្ឋាន ក្នុងនាមរាជរដ្ឋាភិបាល សម្ដេច ជំរុញលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ ស្វែងយល់សុខទុកជុំវិញជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរនានារបស់ប្រជាពលរដ្ឋ ឲ្យបានសមស្រប និងទាន់ពេលវេលាផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ