សម្តេចតេជោ ហ៊ុន សែន ដាក់ចេញទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ដែលត្រូវ រួមគ្នាផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្ត
February 20, 2020    អ្នកទស្សនា :

      នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ព្រមជាមួយអភិបាលរាជធានី ខេត្ត ជាច្រើន។   

      សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ ដើម្បីត្រៀមរៀបចំខ្លួន ប្រកបដោយភាពជាម្ចាស់ក្នុងការដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងឆ្នាំ២០២០នេះ សំដៅរួមគ្នាបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពជាតិសម្រាប់ជាមូលដ្ឋាន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យបន្តបោះជំហានទៅមុខថែមទៀត។ ដោយយុទ្ធសាស្ត្រទាំង៤នោះ រួមមាន៖

១.បន្តប្តូរផ្តាច់ការពារដាច់ខាតនូវឯកសារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមាននៅកម្ពុជា។

២.បន្តជំរុញលើកកម្ពស់ដំណើរការលទិ្ធប្រជាធិបតេ្យសេរីពហុបក្ស លើមូលដ្ឋាននៃការធានាឱ្យបានូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពដោយត្រូវភ្ជាប់ដំណើររបស់ជាតិ និងការកសាងភាពសុខដុមរមនាក្នុងសង្គម។

៣.បន្តអប់រំប្រជាជនឱ្យយល់ដឹងច្បាស់ពីការអនុវត្ត និងការប្រើប្រាស់សិទ្ធិសេរីភាពដោយរួមគ្នាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយនៅកម្ពុជា ដើរទន្ទឹមការពង្រឹង និងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសើ្មភាពគ្នា។

៤.លើកកម្ពស់ការតាំងចិត្តខាងនយោបាយជំរុញអនុវត្តដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងប្រកបដោយប្រសិទ្ធភាពនូវកំណែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ស្របតាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”និងអភិក្រម”ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

      នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានរួមគ្នាអនុវត្តសម្រេចបានសមិទ្ធផលនានាជាច្រើននាឆ្នាំ២០១៩កន្លងមក។ លើមូលដ្ឋាននៃសមិទ្ធផលទាំងនេះ សម្តេចជឿជាក់ថា ក្រសួងមហាផ្ទៃនឹងពុះពារសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២០នេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ