សម្តេចតេជោ ហ៊ុន សែន គាំទ្រដល់ទិសដៅចាត់វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍របស់ក្រសួងមហាផ្ទៃ
February 20, 2020    អ្នកទស្សនា :

      ដោយសារឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងយ៉ាងគំហុក ទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស ដើម្បីដោះស្រាយឆ្លើយតបនឹងបញ្ហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ គាំទ្រ និងជំរុញលើកទឹកចិត្តដល់ក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់ពង្រឹងនូវវិធានការទាំងឡាយដែលជាផែនការទិសដៅការងារបន្ត លើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

      សម្តេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របសក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ បានមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមគាំទ្រ និងជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការពិនិត្យឡើងវិញនូវច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធចរាចរណ៍ផ្លូវគោក ដើម្បីស្នើសុំធ្វើវិសោធនកម្មឱ្យបានកាន់តែសមស្របជាមួយការវិវត្តនៃស្ថានភាពយានយន្ត និងការធ្វើចរាចរណ៍ដូចជាកម្រិតនៃការដាក់ពិន័យ និងវិធានការនានាពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ សំដៅការពារអាយុ ជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ”។

      ទន្ទឹមនេះ សម្តេចតេជោ ក៏បានជម្រុញឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ការរៀបចំចំណតយានយន្តតាមទីក្រុង ទីប្រជុំជន ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ និងបន្តបំពាក់បន្ថែមនូវភ្លើងសញ្ញាចរាចរណ៍ និងផ្តល់អាទិភាពដល់ការតម្លើងផ្លាកសញ្ញាចរាចរណ៍តាមដងផ្លូវសាធារណៈនានា ជាជាងការលើកផ្លាកផ្សាយពាណិជ្ជកម្ម។

      សម្តេចតេជោ បានបន្តថា កងកម្លាំងនគរបាលជាតិ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ដាច់ខាត ដើរទន្ទឹមនឹងការបង្កើនសកម្មភាពឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមា។ ដើម្បីដោះស្រាយឆ្លើយតបនឹងបញ្ហានេះ  

      ជាងនេះទៀត សម្តេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវឱ្យនគរបាលចររាណ៍អនុវត្តចាត់វិធានការពិន័យលើអ្នកបើកបរ ដោយពិន័យលើកទី១ ត្រូវពិន័យជាក់ស្តែង និងលើកទី២ ពិន័យទ្វេដង និងលើកទី៣ ត្រូវដក់សិទ្ធិមិនឱ្យបើកបរ រហូតដល់រយៈពេលដែលត្រូវអនុញ្ញាត្តឱ្យបើកបរបានឡើងវិញ ដើម្បីការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ