សម្ដេចក្រឡាហោម ស ខេង ដាក់ចេញវិធានការថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន
February 20, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងញៀន នៅតែបន្ដកើតមាន ពិសេស ក្នុងស្រទាប់យុវជន ទាំងនៅទីក្រុង និងជនបទ ដែលតម្រូវឲ្យមានការសិក្សា ដាក់ចេញវិធានការថ្មីៗ ប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

      ក្នុងពិធីបិទសន្និបាតការងារ ឆ្នាំ២០១៩ និងលើកទិញដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់ ទន្ទឹមនឹងការអនុវត្តជាប្រចាំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប៉ុន្ដែអាស្រ័យដោយនិន្នាការកើនឡើងនៃការផលិត ការចរាចរ និងការចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ និងក្នុងពិភពលោក ធ្វើឲ្យសកម្មភាពចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតែបន្ដកើតមាន ពិសេសក្នុងស្រទាប់យុវជន ទាំងនៅទីក្រុង និងជនបទ ដែលតម្រូវឲ្យមានការសិក្សា ដាក់ចេញវិធានការថ្មីៗ ប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់”។

      បន្ថែមពីនេះ សម្ដេចក្រឡាហោម អះអាងថា កងកម្លាំងនគរបាលជាតិ បានខិតខំពង្រឹងវិធានការជំនាញ វិធានការមហាជន តាមរយៈការជំរុញចលនាមហាជនឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងបង្កើតកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា រួមគ្នាគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុង ទប់ស្ដាក់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងបង្កឲ្យមានអស្ថិរភាពក្នុងសង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្ដរជាតិ ដើម្បីបង្ការទប់ស្ដាត់ និងបង្ក្រាបបទល្មើសនានាទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដោយបង្ក្រាបបទល្មើសនានា ក្នុងសង្គមបានរហូតដល់ ៨៩%នៃបទល្មើសដែលកើតឡើង”។

      សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះ ការគ្រប់គ្រងជនអន្ដោប្រវេសន្ដក៏មានកិច្ចខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ចូលរួមក្នុងការពង្រឹងសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គមជាតិ។ ជាមួយនេះ ការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ក៏សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេស ការរៀបបំក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មតាមបច្ចេកវិទ្យាទំនើប ដើម្បីចូលរួមបម្រើឲ្យការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។

      ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា អំពីការគ្រប់គ្រង រក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទោះបីជាលទ្ធផលនៃការបង្ក្រាបបទល្មើសព្រហ្មទណ្ឌកើនឡើង ប៉ុន្ដែចំនួនបទល្មើសក៏មានការកើនឡើងផងដែរ។ ប្រការនេះដែលទាមទារត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ស្រាវជ្រាវអំពីវិធានការនានាដើម្បីបង្ការ ទប់ស្កាត់បទល្មើស សំដៅកាត់បន្ថយបទល្មើសនានាក្នុងសង្គម។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកស្លាប់ និងរបួស ដែលទាមទារត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដាច់ខាតនូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ