ប្រទេសទាំង៦តាមបណ្តោយទន្លេមេគង្គរួមគ្នាបង្ការទប់ស្កាត់បង្រ្កាបការនាំចេញគ្រឿងញៀនពីតំបន់ត្រីកោណមាស និងការនាំចូលសារធាតុគីមីផ្សំទៅកាន់តំបន់ត្រីកោណមាស
November 30, 2019    អ្នកទស្សនា :

      រាជធានីភ្នំពេញ​៖​ ថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩ កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ​រយៈពេល៣ខែកន្លងមក ក្រោមទិសស្លោក​ "បេសកកម្មតែមួយ​ គោលដៅតែមួយ​ គ្រួសារតែមួយ "ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដោយមានការអញ្ជេីញចូលរួមពីតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនពីបណ្តាប្រទេសទាំង៦មាន៖​ កម្ពុជា​ ចិន​ មីយ៉ាន់ម៉ា​ ឡាវ​ ថៃ​ និងវៀតណាម​។

      ឧត្តមសេនីយ៍ត្រី អ៊ុយ​ រ៉ាត់​ ប្រធាននាយកដ្ឋានស្រាវជ្រាវនិងត្រួតពិនិត្យ​ បានរាយការណ៍ជូនអង្គប្រជុំថា​ រយៈពេល៣ខែនេះ ប្រទេសយេីងទាំង៦បានធ្វេីការបង្រ្កាបបានបទល្មេីសគ្រឿងញៀនរហូតដល់ជាង៣០០០ករណី​ (រាប់តែករណីមានវត្ថុតាងជាគ្រឿងញៀន១គីឡូក្រាមឡេីង)។

      ក្នុងឱកាសនោះ​ ឧត្តមសេនីយ៍​ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានមានប្រសាសន៍ថា​ ប្រធានប្រតិភូតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនទាំងអស់បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ និងកិច្ចខំរបស់កម្ពុជាសម្រេចបានក្នុងនាមម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ​រយៈពេលបីខែកន្លងមកនេះ។

      លោកឧត្តមសេនីយ៍​ឯក​ បានមានប្រសាសន៍បន្តថា​ ប្រទេសទាំងអស់បានវាយតម្លៃនូវស្ថានភាពគ្រឿងញៀនខុសច្បាប់នាពេលបច្ចុប្បន្នកាន់តែគំរាមកំហែងធ្ងន់ធ្ងរឡេីងៗ​ទោះបីយេីងខិតខំនាពេលកន្លងយ៉ាងណាក៏ដោយពិសេសការផលិត​ ការចរាចរគ្រឿងញៀនសំយោគកាន់តែគំរាមកំហែងដល់សុខមាលភាព​ សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​​របស់ប្រជាពលរដ្ឋទាំងក្នុងតំបន់​ និងពិភពលោក​ និងបានឲ្យតម្លៃលេីកិច្ចសហប្រតិបត្តិសកម្មភាពគួរត្រូវបានពង្រឹងពង្រីកបន្ថែមទៀត។

      ជាមួយគ្នានេះ​ ឧត្តមសេនីយ៍​ឯក​ នាក់​ ​យុទ្ធាក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា​ ប្រទេសទាំង៦តាមបណ្តោយទន្លេមេគង្គរួមគ្នាបង្ការទប់ស្កាត់បង្រ្កាបការនាំចេញគ្រឿងញៀនពីត្រីកោណមាសនិងការនាំចូលសារធាតុគីមីផ្សំទៅកាន់ត្រីកោណមាសដេីម្បីចូលរួមចំណែកកាត់បន្ថយនូវហានិភ័យ​ រក្សាសុខមាលភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់ប្រជាពលរដ្ឋក្នុងតំបន់​ក៏ដូចជាពិភពលោកស្របតាមផែនការសកម្មភាពមេ​ យុទ្ធសាស្រ្តទាំង៧​ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គឆ្នាំ២០១៩-២០២២។

      ទន្ទឹមនឹងការទទួលលទ្ធផលល្អ​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមជួយជាជំនួយបច្ចេកទេស​ មធ្យោបាយ​ សម្ភារពីប្រទេសជាសមាជិកទន្លេមេគង្គ​ ពិសេសការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ​ គ្រប់ក្រសួង​ ស្ថាប័ន​គ្រប់ជាន់ថ្នាក់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ