សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលជួបជម្រាបលា
June 27, 2019    អ្នកទស្សនា :

       នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ ព្រមទាំងសហការី ចូលជួបជម្រាបលា បន្ទាប់ពីឯកឧត្តមបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។

     សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ ចំពោះស្នាដៃជាច្រើនដែលឯក​ឧត្តមបណ្ឌិតឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់នាពេលកន្លងមក បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេស​ទាំងពីរជាបន្ត​បន្ទាប់។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ ចំពោះអាល្លឺម៉ង់ដែលបានជួយកសាង និងអភិវឌ្ឍន៍កម្ពុជា​នាពេលកន្លងមកផងដែរ។ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលមិត្តអាល្លឺម៉ង់បានជួយដល់កម្ពុជាយ៉ាងច្រើនលើកិច្ចការនេះជាច្រើន។ សម្ដេច​បានគូសបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ ពោលគឺក្នុងរយៈពេលមួយឆ្នាំកន្លះទៀតនេះ គឺកម្ពុជានឹងបញ្ចប់​ការអនុវត្តផែនការជាតិកំណែទម្រង់វិមជ្ឈការ រយៈពេលកំណត់១០ឆ្នាំ ដែលនេះ គឺជាកិច្ចការមួយដ៏សំខាន់ក្នុង​ការផ្ទេរធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តកិច្ចការងារឲ្យបានជោគជ័យ​នៅក្នុងការងារ​កំណែ​ទម្រង់​វិ​មជ្ឈការ។

      ឯកឧត្តមបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានសម្ដែងក្ដីរីករាយចំពោះប្រសាសន៍​លើក​ឡើង​របស់សម្ដេច ហើយឯកឧត្តមបានជំរាបជូនសម្ដេចថាក្នុងរយៈពេល៣ឆ្នាំ នៃអាណត្តិការទូត ឯកឧត្តមពិតជា​រីក​រាយ​​ចំពោះការមើលឃើញនូវវឌ្ឍនភាពរបស់កម្ពុជា ហើយជាពិសេសអាល្លឺម៉ង់រីករាយ​នឹងការជួយកម្ពុជា​ក្នុងផ្នែក​វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈមូលនិធិខុនរ៉ាត់ ដែលផ្ដោតលើវិស័យសុខាភិបាល អភិវឌ្ឍន៍ជនបទ និង​កំណែទម្រង់ថ្នាក់ក្រោមជាតិ។ ឯកឧត្តមបណ្ឌិតក៏បានសម្ដែ​ងក្ដីរីករាយ​ចំពោះគម្រោងដំណើរទស្សន​កិច្ចរបស់​សម្ដេចក្រឡាហោម ស ខេង រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មួយចំនួនទៀត ទៅកាន់សាធារណរដ្ឋសហ​ព័ន្ធ​អាល្លឺម៉ង់នាពេលខាងមុខ ទៅកាន់ប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំនេះ។ ឯកឧត្តមក៏បានសម្ដែងក្ដីរីករាយចំពោះ​កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនគរបាលជាតិកម្ពុជា នៅក្នុងការជួយសម្រួលការងារពាក់ព័ន្ធ​នៅក្នុង​អាណត្តិ​ការងាររបស់ឯកឧត្តមផងដែរ។

      សមម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា ពាក់ព័ន្ធនឹងគម្រោងដំណើរ​ទស្សនកិច្ចទៅកាន់​ប្រទេស​អាល្លឺម៉ង់នាពេលខាងមុខ នឹងមានសមាសភាព នៃគណៈប្រតិភូមន្រ្តីជាន់ខ្ពស់មកពីស្ថាន​ប័នពាក់ព័ន្ធមួយ​ចំនួន ហើយសម្ដេចបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីៗ​បន្ថែម​ទៀត ដើម្បីយកមកបន្តអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីបន្តទទួលការគាំ​ទ្រពីប្រជា​ពលរដ្ឋ ព្រោះតែការផ្ដល់សេវាបានឆាប់រហ័ស និងតម្លាភាព ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលផងដែរ។

      នៅក្នុងជំនួបនោះដែរ ឯកឧត្តម Ingo Karsten ក៏បានសម្ដែងការអបអរសាទរចំពោះ សម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីក្រសួងមហាផ្ទៃ បានរៀបចំឲ្យមានវេទិការជជែកពិភាក្សារវាងអង្គការ​សង្គមស៊ីវិលជាមួយរាជ​រដ្ឋាភិបាល។ បន្ថែ​មលើសពីនេះឯកឧត្តមក៏សូមលើកទឹកចិត្ត និងជឿជាក់ថាតាមរយៈយន្តការនេះ នឹងធ្វើឲ្យក្រុ​ម​អង្គការសង្គមស៊ីវិលបំពេញភារកិច្ចកាន់តែងាយស្រួល និងស្របតាមបេសកម្មរបស់ខ្លួន។

      ជាចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដែរថា ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល តែងតែចាត់ទុកក្រុមអង្គការ​សង្គមស៊ីវិលជាដៃគូក្នុងកិច្ចសហការ និងធ្វើការរួមគ្នាក្នុងការអភិវឌ្ឈផងដែរ។ ជាងនេះទៅទៀត សម្ដេចក្រឡា​ហោម​បានគូសបញ្ជាក់ថាតាមរយៈការរៀបចំឲ្យមានយន្តការវេទិការជួបជុំរវាងរាជរដ្ឋាភិបាល និងអង្គការ​សង្គម​ស៊ីវិលកន្លងមកនេះ គឺបានជួយរួមចំណែកពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល​នៅកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ