យោងតាមព្រះរាជក្រមលេខៈនស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលចុះព្រះហស្ថលេខាដោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រម ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយបានធ្វើវិសោធនកម្ម ចំពោះមាត្រា១៨ នៃច្បាប់នេះ ដូចតទៅ៖
មាត្រា១៨-ថ្មី បានសរសេរថា ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយផ្អែកតាមកត្តាប្រជាសាស្ត្រនិងកត្តាភូមិសាស្ត្រដូចខាងក្រោម ៖
ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពី២៧រូប…ក្រុមប្រឹក្សាខេត្តមានសមាជិកពី១៥ដល់២៧រូប…ក្រុមប្រឹក្សាក្រុង មានចំនួនសមាជិកពី១១ដល់២១រូប…ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានចំនួនសមាជិក ពី១១ដល់២១រូប។ ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយអនុក្រិត្យតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងតិច១២០ថ្ងៃមុនពេលផុតកំណត់អាណ្ណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងករណីគ្មានអនុក្រិត្យចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណ្ណត្តិបន្ទាប់ទេនោះ ចំនួនសមាជិកសារុបរបស់ក្រុមប្រឹក្សា សម្រាប់ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួនសរុបចុងក្រោយនៃក្រុមប្រឹក្សាអាណ្ណត្តិចាស់។
សូមបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ ធ្វើឡើងដើម្បីត្រៀមរៀបចំបោះឆ្នោតលើកទី៣ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ក្នុងការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌនិងស្រុក ដែលជាការបោះឆ្នោតអសកល ដោយមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងជាអង្គបោះឆ្នោត៕មុនីរម្យ
ប្រភព៖រាជរដ្ឋាភិបាល