នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា សាលាបឋមសិក្សា ហ៊ុន សែន មុខដា ស្ថិតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្ដស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុកស្វាយទាប ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យាយជី តាជី ក្រុមប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១.៧០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ហើយក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់បានរួមគ្នាក្នុងការកសាងអគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន មុខដា ១ខ្នង ដែលមាន ៥បន្ទប់ ដោយបានចំណាយថវិកាអស់ ៥៦.២៧៥ដុល្លារ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តស្វាយរៀង ផងដែរ។ ជាមួយនេះលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យ ៖ ១. មាតា បិតា អាណាព្យាបាល ត្រូវនាំកូនដែលគ្រប់អាយុចូលសាលា ទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា ។ ២. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំថែមទៀតក្នុងការការពារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ ភូមិ-ឃុំ មានសុវត្ថិភាព និងត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើ សេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ៣.ត្រូវបន្តរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ ៤.អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ៕