អភិបាលខេត្តកណ្ដាល នាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់កម្មករសំណង់ ចំនួន ៣៦៦ នាក់ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន៣ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ
May 02, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ និងកម្មករសំណង់ទាំងអស់ បន្ទាប់ពីក្រុងតាខ្មៅ ត្រូវបានរាជរដ្ឋាភិបាលសម្រេច បិទខ្ទប់អស់រយៈពេលប្រមាណជាង១០ ថ្ងៃមកហើយនោះ មានបងប្អូនប្រជាពលរដ្ឋ ដូចជាកម្មករនានា កំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់កម្មករសំណង់ ចំនួន ៣៦៦ នាក់ ដែលកំពុងស្នាក់នៅក្នុងបុរីចំនួន៣ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយក្ដីនឹករលឹក។

ឯកឧត្តម បន្តថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយ មេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ។

ឯកឧត្តម ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ រួមមាន៖ ៣កុំ ៣ការពារ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្ដល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ទឹកសុទ្ធ ១ កេស ជែល ១ ដប ម៉ាស ១០ បន្ទះ និងថវិកាមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ