អភិបាលខេត្តរតនគីរី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុង អាណត្តិទី៣
June 17, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបានលុង អាណត្តិទី៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថ្លែងទៅកាន់អង្គពិធី ពិសេសសមាជិកក្រុមប្រឹក្សាក្រុងបានលុងដែលទើបតែនឹងតែងតាំងថ្មី ធ្វើយ៉ាងណា ត្រូវតែខិតខំបម្រើផលប្រយោជន៍ ចូលរួមបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋដោយឈរលើស្មារតីស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ។

      ឯកឧត្តម បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងខ្លួនឯកឧត្តមផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបានលុង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀតនៅមូលដ្ឋាន។

      ព្រមជាមួយគ្នានេះ ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

      ជាមួយគ្នានេះឯកឧត្តមបានជំរុញឲ្យគណៈបញ្ជាការឯកភាពក្រុង ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋាន។

      ឯកឧត្តម បានបន្តថា សមិទ្ធផល និងស្នាដៃការងារដែលគណៈអភិបាល និងក្រុមប្រឹក្សាក្រុងបានលុង សម្រេចបានព្រមទាំងលទ្ធផល នៃការបោះឆ្នោតនាពេលកន្លងមកនេះ គឺជាមូលដ្ឋានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

      សូមបញ្ជាក់ថា សម្រាប់ក្រុងបានលុង អាណត្តិទី៣នេះ មានសមាជិកក្រុមប្រឹក្សាចំនួន ១៥រូប ក្នុងនោះ លោក អ៊ុន ស៊ីដេត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាក្រុង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ