រដ្ឋបាលខេត្តស្វាយរៀង ធ្វើពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី
June 16, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំធំ អគារ"ឃ" សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តស្វាយរៀង អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា  ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក ប្រធានក្រុមការងារថ្នាក់ជាតិ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ គណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ សរុបប្រមាណ ៤០០នាក់ ។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានជម្រាបជូនដោយសង្ខេបអំពីស្ថានភាពរួម និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តស្វាយរៀង សម្រេចបាននៅក្នុងអាណត្តិទី២ នៃក្រុមប្រឹក្សាខេត្ត ជាពិសេសការងារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការងារបង្កបង្កើនផល ការវិនិយោគឯកជន ការកសាងសមិទ្ធផលនានាដែលជាផលប្រយោជន៍សាធារណៈ និងការដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅមូលដ្ឋាន ។

       ក្នុងឱកាសនោះផងដែរសម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សូមសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលត្រូវបានតំណាង ប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្ត ឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យថែមទៀត ។ 

     សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ការពង្រឹងសាមគ្គីភាពឯកភាព ផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចបានគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។

       សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ឲ្យបង្កើនការថែរក្សាការពារ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌខេត្តទាំងមូល ដោយត្រូវយកចិត្តទុកដាក់ លើវិធានការសំខាន់ៗក្នុងនោះ ត្រូវជំរុញលើកទឹកចិត្ត ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់និងល្បែងស៊ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។

      នៅអាណត្តិទី៣នេះនៃក្រុមប្រឹក្សាខេត្តស្វាយរៀង មានចំនួន២៣រូប ក្នុងនោះឯកឧត្តម ជុំ ហាត ត្រូវបានតែងតាំង ជាប្រធានក្រុមប្រឹក្សាខេត្ត៕ មុនីរម្យ

ប្រភព៖ ខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ