ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង អាណត្តិទី៣ និងអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង
June 15, 2019 អ្នកទស្សនា :

       អភិបាលខេត្តកណ្តាលជំរុញ គណៈអភិបាល និងក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង ដែលទើបតែងតាំងថ្មី ត្រូវយកបញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន យកមកសម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌។ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលជំរុញបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង អាណត្តិទី៣ និងអភិបាល អភិបាលរងនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកកណ្តាលស្ទឹង។
       ឯកឧត្តមអភិបាលខេត្តបន្តថា រាល់បញ្ហាប្រឈម សំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ត្រូវកំណត់យកបញ្ហានេះ អាទិភាព និងរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ដោយមានការតាមដាន ត្រួតពិនិត្យនៅក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សារបស់ខ្លួនជារៀងរាល់ខែ។ ហើយបញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលស្រុក ត្រូវធ្វើរាយការណ៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមសហការដោះស្រាយ។ ដោយការដោះស្រាយបញ្ហាប្រឈម និងជម្លោះនានានៅមូលដ្ឋាន ក្នុងនោះរួមមានទាំងជម្លោះដីធ្លី ត្រូវខិតខំព្យាយាមអត់ធ្មត់ដើម្បីសម្របសម្រួលដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងត្រូវបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព។ 

     ឯកឧត្តមបន្តថា មន្រ្តីដែលផ្តល់សេវាជូនប្រជាពលរដ្ឋ ពិសេស មេឃុំ ស្មៀនឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋានត្រូវពង្រឹងសមត្ថភាព និងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ សំដៅរួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈម នានានៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែក ប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយនោះឡើយ។ ត្រូវបន្តជំរុញ លើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំមានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

      ឯកឧត្តមបានស្នើឱ្យអណៈអភិបាល និងក្រុមប្រឹក្សាដែលទើបតែងតាំងថ្មី ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

      សូមបញ្ជាក់ផងដែរថាក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹង អាណត្តិទី៣ មានចំនួន២១រូប  ក្នុងនោះលោក ប៊ុន ថេង ត្រូវតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹង និងលោក អ៊ូច សៅវឿន ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកណ្ដាលស្ទឹង ជំនួសលោក បូ ណារ៉េត ដែលត្រូវចូលនិវត្តន៍៕ មុនីរម្យ

ប្រភព៖ ខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ