logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តរតនគិរី អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត
93
11-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ដើម្បីរួមចំណែកពង្រឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសការផ្តល់សេវាសាធារណៈជូនវិស័យឯកជនឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩បានរៀបចំពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំថ្មី ឲ្យចូលកាន់តំណែងផ្លូវការជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ។ ពិធីប្រកាសចូលកាន់មុខតំណែង ត្រូវបានរៀបចំឡើងនៅសាលាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុន ហេងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលសាលាខេត្ត ប្រមាណជិត១០០នាក់។

      ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ហើយឯកឧត្តមក៏បានបង្ហាញមោទកភាពចំពោះវឌ្ឍនភាពថ្មីៗនៅក្នុងខេត្តរតនគិរី និងភាពរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅក្នុងខេត្តនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារនាពេលកន្លងមក រហូតជំរុញឱ្យមន្ទីរពាណិជ្ជកម្មខេត្ដ ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រពីសាធារណជន និងគណៈអភិបាលខេត្ដគ្រប់ជំនាន់។

      ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ អាជ្ញាធរខេត្ដរតនគិរី ដែលបានផ្ដល់កិច្ចសហការល្អ និងតែងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការចូលរួមគ្រប់គ្រងសកម្មភាពក្រុមហ៊ុន សហគ្រាស ការតាមដានស្ថានភាពថ្លៃទំនិញ ការរៀបចំព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ការត្រួតពិនិត្យគុណភាពទំនិញ និងឃ្លាំមើលទីផ្សារ ព្រមទាំងការចុះផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យពាណិជ្ជកម្មជាដើម។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារ និងត្រូវចេះពង្រឹងកិច្ចសហការរវាងមន្ត្រីនៅក្នុងមន្ទីរ ក៏ដូចជាសម្របសម្រួលធ្វើទំនាក់ទំនងខ្សែបណ្តាយ និងទទឹងឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវចេះដោះស្រាយបញ្ហាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមជូនអង្គភាព ថ្នាក់ដឹកនាំខេត្ត និងក្រសួងពាណិជ្ជកម្ម ពិសេសសម្រួលដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងខេត្តរតនគិរីទាំងមូល។

       សូមបញ្ជាក់ថា លោក ខៀវ ថា អនុប្រធានមន្ទីរពានិជ្ជកម្មខេត្តរតនគិរី ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទិរពានិច្ជកម្មខេត្តរតនគិរី ជំនួសលោក ភូ ធាឡំ ដែលបានចូលនិវត្តន៍៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ