អភិបាលខេត្តកំពង់ចាម ជម្រុញដល់ស្ថាប័នពន្ធដាខេត្ត និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត
October 23, 2018 អ្នកទស្សនា :

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីពង្រាងកែសម្រួលតម្លៃអចលនទ្រព្យ សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ក្នុងខេត្តកំពង់ចាម ដែលរៀបចំដោយសាខាពន្ធដារខេត្ត កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន យក ចិត្តទុកដាក់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។  ឯកឧត្ដមបន្ថែមថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា បានកំណត់ និងការប្ដេជ្ញាចិត្តច្បាស់លាស់ទៅលើការយកចិត្តទុកដាក់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ដូច្នេះមន្ត្រីទាំងអស់ ត្រូវខិតខំកែប្រែឥរិយាបទ និងប្ដេជ្ញាចិត្ត ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ឲ្យបានល្អប្រសើរ ថែមទៀត ដែលជាការឆ្លើយតបទៅនឹងការគាំទ្រ របស់ម្ចាស់ឆ្នោត ចំពោះ រាជរដ្ឋាភិបាលកម្ពុជា។  ឯកឧត្តមបានបញ្ជាក់ដែរថា ដើម្បីធានាទៅដល់ការកៀងគរកប្រភពចំណូលជូនរដ្ឋ និងការធានា ទៅដល់ការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ​ សូមអោយអាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវតែដឹងអំពីអត្រា នៃការបង់ពន្ធ ឲ្យបានច្បាស់លាស់។  ជាងនេះទៅទៀត សូមឲ្យអភិបាលក្រុង ស្រុក នីមួយៗ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់មេឃុំ ចៅសង្កាត់ ស្មៀន និងមេភូមិ ដើម្បី ឲ្យពួកគាត់បានដឹងអំពីអត្រាតម្លៃដី នៅតាមភូមិសាស្ត្រ និងតំបន់នីមួយៗ ជាមុន ដើម្បី ជាមូលដ្ឋាន ក្នុងការពន្យល់ ទៅដល់ប្រជាពលរដ្ឋយើង ដើម្បី ឲ្យពួកគាត់បានចូលរួមបង់ពន្ធ ទៅតាមកាតព្វកិច្ច ដូចអ្វីដែលច្បាប់បានកំណត់។  ឯកឧត្តមអភិបាលសង្កត់ធ្ងន់ដែរថា​ ជាចាំបាច់យើងត្រូវខិតខំធ្វើយ៉ាងណា​ កាត់បន្ថយនូវការចំណាយក្រៅសេវា ដែលធ្វើឲ្យអ្នកបង់ពន្ធ កាន់តែមានបន្ទុកខ្ពស់ តាមរយៈ ការបង់ពន្ធលើសពីអត្រាពន្ធបានកំណត់ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងសតិអារម្មណ៍ មកលើអង្គភាពជំនាញ និងអាជ្ញាធរ ក្នុងមូលដ្ឋាននោះ ជាអ្នកអនុវត្តផ្ទាល់ ផងដែរ ។

​   សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨នេះ សាខាបានប្រមូលចំណូលពន្ធប្រថាប់ត្រាបង់ចូលថវិកាសរុបចំនួន ១.៩០៥.៨២៨.៥៧៥រៀល ស្មើនឹង ៧៧,៦៣% នៃផែនការ ធៀបទៅនឹងឆ្នាំ២០១៧ មានការកើនឡើង ៩,០៣%។ ការកើនឡើងនេះ ដោយការជួយឧបត្ថម្ភគាំទ្រពីសំណាក់ឯកឧត្ដមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានជួយជម្រុញ ឲ្យម្ចាស់អចលនទ្រព្យ មកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រា ផ្ទេរសិទ្ធិ បានត្រឹមត្រូវ ស្របតាមច្បាប់កំណត់ផងដែរ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ