នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារនៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ សហស្ថាបនិក និងជាប្រធានក្រុមការងារចង្ក្រានសប្បុរស ឯកឧត្ដម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកអភិបាល អភិបាលរងក្រុងស្វាយរៀង និងក្រុមការងារសម្របសម្រួលរបស់កម្មវិធីចង្ក្រានសប្បុរស ។
ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។
លោកជំទាវបានបន្តទៀតថា កម្ពុជាបានទទួយលនូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបានបង្ហាញពិភពលោកឲ្យស្គាល់ កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោយទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមចំណែកជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទ័លក្រ និងគ្រួសារជួបការលំបាក និងបានចែករំលែកនូវធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែលគិតមកដល់ពេលនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹកនាំគ្រប់គ្រងរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និងសប្បុរសជន។ ជាមួយនេះ លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមិនត្រូវភ្លេចខ្លួននោះទេ យើងត្រូវតែប្រឹងប្រែងការពារខ្លួនជាដរាបពីជំងឺកូវីដ-១៩ ដើម្បីចៀសវាងនូវការឆ្លង និងចម្លងទៅសហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។
អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ក្នុងឱកាសនោះ ១គ្រួសារ ទទួលបាន ទឹកស៊ីអ៊ីវ ១ដប, ទឹកត្រី ១ដប, ប្រេងឆា ១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម ១ដប, ប្រេងខ្យង, ប៊ីចេង កន្លះគីឡូក្រាម,ទឹកដោះគោខាប់ ១កំប៉ុង, ស្ករស ១គីឡូក្រាម, សាប៊ូលុច្ស ១ដុំ, សាប៊ូបោកខោអាវ ៥០០ក្រាម, ប្រេងរឹត ១ដប, ប្រេងកូឡា ១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១, សម្ភារសិក្សាសម្រាប់កុមារ ២ឈុត, អាវរងា ១, សាប៊ូលាងចានដប ១ដប, មីសួរ ១គីឡូក្រាម, មីម៉ាម៉ា ១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំងទឹកឃ្មុំ ០១ក្បាល, អង្ករប្រណិតផ្កាម្លិះ ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ៕
ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង