ខេត្តសៀមរាបបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ​ នៅមុខព្រះរាជដំណាក់ ក្រុងសៀមរាប
October 15, 2018 អ្នកទស្សនា :

ដើម្បីតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែប យ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ នាព្រឹកថ្ងៃច័ន្ទ​ ៦កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៦៥២​ ត្រូវនឹងថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៨នេះ នៅមុខព្រះរាជដំណាក់ ក្រុងសៀមរាប បាន​រៀបចំពីធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណូបការៈ របស់ព្រះអង្គ ដែលធ្វើឲ្យប្រជារាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត និង បងប្អូនជនជាតិខ្មែរឥសាម នៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា។

         ​ ក្នុងពិធីនោះដែរក៏មានវត្តមានរបស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ នាឱកាសនោះ ។ ​

ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៨នេះជាថ្ងៃគម្រប់ខួប០៦ឆ្នាំ របស់ព្រះករុណាសម្តេចព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត់ ដែលធ្វើឲ្យយើងជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យជាទីបំផុត​ ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រះហត្ថរបស់ព្រះអង្គ​ ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិ មាតុភូមិ ។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណ ភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និង គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ រៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋផងដែរ ៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ