ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែ​កព្យា​បាល​ជំងឺសង្រ្គោះបន្ទាន់ដំបូង ស្ថិតក្នុងមន្ទីរពេទ្យបង្អែកឯកភ្នំ ខេត្តបាត់ដំបង
November 09, 2022 អ្នកទស្សនា :

នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកព្យាបាលជំងឺសង្រ្គោះបន្ទាន់ដំបូង១ខ្នង ស្មើនឹង៩បន្ទប់ អគាររង់ចំអង្គុយលំហែរ១ខ្នង១បន្ទប់ និងក្លោងទ្វារចូលមន្ទីរពេទ្យ១​កន្លែង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាអំណោយរបស់​សប្បុរសជននៅប្រទេសអូស្ដ្រាលី ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនដែលរស់នៅប្រទេសអូស្ដ្រាលីទាំងអស់ ដែលបានចំណាយធនធានដ៏មានតម្លៃរបស់ខ្លួនចូលរួមកសាងសមិទ្ធផលនានានៅក្នុងបរិវេណមន្ទីរពេទ្យនេះ ដែលនេះជាការចូលរួមចំណែកជាមួយសង្គម ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្នុងការការលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមបម្រើប្រជាពលរដ្ឋផ្នែកសុខាភិបាលនៅក្នុងស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត ។

 ឯកឧត្តមបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាខិតខំថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត មិនត្រូវធ្វើការចោលសំរាមពាសវាលពាសកាល ឬធ្វើការចោលសំរាមចាក់ចូលនៅតាមដងស្ទឹង អូរប្រឡាយគ្មានរបៀបរៀបរយនេះឡើយ ព្រោះវាបង្កឱ្យមានមេរោគនៅក្នុងទឹកបង្កហានិភ័យពេលដែលយកទឹកទៅប្រើប្រាស់ ឬបង្កឱ្យមានសត្វល្អិត រុយរោម ឬមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខូចសោភ័ណភាពទៀតផងដែរ ។ ឯកឧត្តមបានបន្តទៀតថា បើក្នុងករណីប្រជាពលរដ្ឋរូបណាម្នាក់រកឃើញថា មានជនណាប្រើប្រាស់គ្រឿងញៀន ឬជួញដូរគ្រឿងញៀន សូមធ្វើការទាក់ទង ឬរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យអាជ្ញាធរធ្វើការចាប់បញ្ជូនជននោះទៅមណ្ឌលកែប្រែ ឬធ្វើការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ ចំពោះជនណាដែលជួញដូរគ្រឿងញៀន និងបន្តធ្វើការណែនាំកូនចៅរបស់ខ្លួន ត្រូវចៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តណែនាំដល់កូនចៅរបស់ខ្លួន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅកាន់ទីកន្លែងណាមួយមិនថាទីជិតឬទីឆ្ងាយ ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញចាប់ពីដូសទី៣ឡើង សូមធ្វើការនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញចាប់ពីដូសទី៣ឡើងទៅនៅតាមមណ្ឌលចាក់វ៉ាក់សាំង ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចាក់ដូសជំរុញបន្តបន្ទាប់ទៀត តាមពេលវេលាកំណត់ដែលខ្លួនត្រូវចាក់បន្ត ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្ដាច់ជំងឺកូវីដ-១៩ កុំឱ្យកើតមាននៅក្នុងប្រទេសយើងបន្តទៀត ។

គួរបញ្ជាក់ផងដែរថា អគារសង្រ្គោះបន្ទាន់ដំបូងនេះ មានបណ្ដោយប្រវែង៣១ម៉ែត្រ ទទឹង៨ម៉ែត្រ ស្មើនឹង៩បន្ទប់ ចំណាយថវិកាសរុប ៦៧,២០០ដុល្លាសហរដ្ឋអាមេរិក អគាររង់ចាំមានបណ្ដោយប្រវែង៩ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១០,០០០ដុល្លាសហរដ្ឋអាមេរិក និងក្លោងទ្វារមន្ទីរពេទ្យចំណាយថវិកាសរុប១៣,០០០ដុល្លាសហរដ្ឋអាមេរិក ដែលជាអំណោយរបស់សប្បុរសជនខ្មែររស់នៅប្រទេសអូស្ដ្រាលី តាមរយៈថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាមួយភិក្ខុកល្យាណនរោ កៅ ពៅ ៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ