រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង
September 12, 2022 អ្នកទស្សនា :

នាថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងលោក លោកស្រីអភិបាលរងខេត្តកោះកុងផងដែរ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ដែលបានឆ្លៀតឱកាសដ៏មមារញឹកអញ្ជើញមកចូលរួម ក្នុង ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នាថ្ងៃនេះ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពរាយការណ៍ជូន ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអង្គពិធីទាំងមូលបានជ្រាបដោយសង្ខេប អំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ នៃខេត្តកោះកុង។ មុខរបរសំខាន់ៗ របស់ប្រជាពលរដ្ឋគឺ ធ្វើនេសាទ ធ្វើជំនួញ ធ្វើស្រែចំការ រកអនុផលព្រៃឈើ វារីវប្បកម្ម និងធ្វើកម្មកររោងចក្រ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលមានសន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយឡែកខេត្តកោះកុង ក៏មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ លើគ្រប់វិស័យផងដែរទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងអរូបវ័ន្ត។

ក្នុងនោះផ្នែកសន្តិសុខសណ្តាប់សាធារណៈ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ខិតខំយកចិត្តដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានយ៉ាងល្អប្រសើ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បាននឹងកំពុង ថែទាំ និងអភិវឌ្ឍពង្រីកបន្ថែមនៅក្នុងគ្រប់មូលដ្ឋានឃុំ សង្កាត់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចំពោះការអនុវត្តការងារប្រចាំថ្ងៃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត បានធ្វើការណែនាំតម្រង់ទិសជាប្រចាំដល់មន្ត្រីរាជការ ឱ្យកចិត្តទុកដាក់បំពេញការងារស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាដែលមានចែងជាធរមាន និងបំពេញតួនាទី ភារកិច្ច ស្របតាមលក្ខ័ណ្ឌការងាររបស់ខ្លួនម្នាក់ៗ សំដៅធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកដោយប្រសិទ្ធភាព។ ដោយឡែកការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការជួយគាំទ្រឧបត្ថម្ភ ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយ ស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមា បាននឹងកំពុងដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ គុណភាព តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ឮ

ក្នុងឆ្នាំ២០២១ កន្លងទៅនេះ ខេត្តកោះកុង ក៏បានទទួលនូវអគារការិយាល័យច្រកចេញចូលតែមួយ ចំនួន០១បន្ថែមទៀត គឺក្នុងស្រុកកោះកុង ដែលបាននឹងកំពុងរៀបចំដំណើរការសាងសង់បានប្រមាណជា ៦០ភាគរយ ។ រីឯនៅរដ្ឋបាលស្រុកដ៏ទៃផ្សេងទៀត ដែលពុំទាន់មានអគារការិយាល័យច្រកចេញចូលតែមួយ រដ្ឋបាលខេត្តក៏បានជម្រុញ ឲ្យមានការរៀបចំជាយន្តការច្រកចេញចូលតែមួយ ដើម្បីរួមចំណែកក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ឲ្យបានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ចំពោះការផ្តល់សេវានៅរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត ដែលមានទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការផែនការ និងវិនិយោគ អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ជាសេនាធិការ នឹងសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីនីតិវិធីនៃការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ជូនដល់រដ្ឋបាលឃុំ សង្កាត់ទាំង២៩ នៃខេត្តកោះកុង សំដៅធានាបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្ត នាពេលនេះ នាងខ្ញុំ សូមចូលរួមអបអរសាទរ ចំពោះលោកស្រី ឈី វ៉ា  លោក ហាក់ ឡេង លោក ឈេង សុវណ្ណដា លោក អន សុធារិទ្ធ និងលោកស្រី អ៉ី នារីនេត ដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ នាងខ្ញុំសង្ឃឹមថា លោក លោកស្រីអភិបាលរងខេត្ត ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ នឹងបន្តប្រពៃណីល្អ ក្នុងការចូលរួមសហការ ដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ