ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង
September 16, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧ​ត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញ​ចូលរួមក្នុងពិ​ធីប្រកាស​ចូល​កាន់មុខតំ​ណែង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង ក្រោម​អធិបភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សុផា​រ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។

យោងតាមប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចតែងតាំងលោក សួន សុភា ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ជំនួស​លោក អ៊ូ ដារី ដែលទទួលភារកិច្ចថ្មី ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍​ឡើង ថ្លែងនូវការកោតសរសើរដល់លោក អ៊ូ ដារី អតីតប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបនី​យកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងផែនការ ការងាររបស់មន្ទីរសាម៉ីដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ។

ឯកឧត្តម បានបន្តទៀតថា ក្នុងនោះរដ្ឋបាលខេត្ត បានកត់សម្គាល់ឃើញថា មន្ទីរបានខិតខំអនុវត្តការងា​រការផ្ដល់សេវាសាធារណៈ តាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ការងារចុះ​បញ្ចីដី​មានលក្ខណៈជាប្រព័ន្ធ ការចុះដីបញ្ចីដីធ្លីផ្សេងៗទៀត ព្រមទាំងការដោះស្រាយវិវាទដីធ្លីទទួលបានលទ្ធ​ផលល្អប្រសើរ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់ផងដែរថា មន្ទីរជំនាញពា​ក់ព័ន្ធ ត្រូវពិនិត្យមើលការសាងសង់ ជួសជុលផ្ទះនៅតំបន់អភិរក្ស និងផ្ទះដែលជាផ្ទះបុរាណ ដោយមុននឹ​ងធ្វើការជួសជុល ឬសាងសង់ថ្មី ត្រូវតែធ្វើការស្នើសុំដល់មន្ទីរអង្គភាពជុំវិញ ឬរដ្ឋបាលក្រុង ស្រុក ជាមុ​ន​សិន ដើម្បីឱ្យគណៈកម្មការជំនាញចុះពិនិត្យសិក្សាមើល ខ្លាចក្រែងការជួសជុល ឬសាងសង់ផ្ទះបុរាណ ឬផ្ទះដែលស្ថិតក្នុងតំបន់អភិរក្សនោះ ធ្វើឱ្យបានទ្រង់ទ្រាយដើម បង្កើតឱ្យសំណង់ផ្ទះបុរា​ណកាន់តែ​បាត់​បង់ទៅៗ។

ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវតែធ្វើការរៀប​ចំសណ្ដាប់​ធ្នាប់ និងសំណង់មិនរៀបរយ ត្រូវធ្វើការរៀបចំសំណង់អាណាធិបតេយ្យដែលមានៅក្នុងស្រុកសាម៉ីខ្លួន ត្រូវតែធ្វើការរៀបចំ បើពុំនោះទេបញ្ហាសណ្ដាប់ធ្នាប់ និងសំណង់មិនរៀបរយកាន់តែច្រើនៗទៅ ធ្វើឱ្យ​បាត់​បង់សណ្ដាប់ធ្នាប់សាធារណៈកាន់តែធ្ងន់ ព្រោះថ្ងៃទៅមុខទៀត​បាត់ដំបងនឹងត្រូវ​បង្កើតជា​ទីក្រុង​ឆ្លាត​វ័យ ហើយបើសិនជាមិនធ្វើការរៀបចំសណ្ដាប់ធ្នាប់ទេនោះ នោះមិនអាចក្លា​យជា​ទីក្រុងឆ្លាតបាន​ឡើយ ។

ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ណែនាំដល់លោកប្រធានមន្ទីរថ្មី ដែលទើបតែតែងតាំងនាពេលនេះ ត្រូវតែបន្តបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុនទៀត ក្នុងគោលបំណងដើម្បីបម្រើប្រជាពលរដ្ឋដែលទទួលសេវារបស់ខ្លួនឱ្យកាន់តែល្អ និងបំពេញភាពពេញចិ​ត្តជូនពួកគាត់ ក្នុងមន្រ្ដីក្រោមឱវាទរបស់ខ្លួនក៏ត្រូវចូលរួមសហការជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ដោយត្រូវ​តែ​ឧស្សាហ៍ព្យាយាម ត្រូវចេះគោរពស្រឡាញ់ទៅវិញទៅមក និងត្រូវចេះជួយគ្នាទៅវិញទៅមក ដើម្បីដំ​ណើរការការងាររបស់ខ្លួនកាន់តែល្អប្រសើរជាងមុន ។ ក្នុងនោះ ឯកឧត្តម បានកត់សម្គាល់​ឃើញ​ថា ការ​កាត់​ឈ្មោះប្លង់ម្ចាស់កម្មសិទ្ធិដីធ្លី នៅតែជាបញ្ហាប្រឈម ដោយមានភាពយឺតយ៉ាវ ដោយសារតែត្រូ​វឆ្លង​កា​ត់​ច្រើ​នដំណាក់កាល ដូចនេះឯកឧត្តមក៏បានសំណូមពរឱ្យបង្កើនជំរុញល្បឿ​ននៃការកាត់ប្លង់ជា​ម្ចាស់​កម្ម​សិទ្ធិឱ្យបានកាន់តែឆាប់រហ័សជាងមុន តាមអ្វីដែលអាចធ្វើបាន ដើម្បីផ្ដល់ជូនប្រជាពល​រដ្ឋឱ្យមាន​ភាព​ងាយស្រួល មិនទន្ទឹងរង់ចាំយូរ ធ្វើឱ្យប្រជាពលរដ្ឋមានការធុញទ្រាន់ឡើយ ។

ឯកឧត្តមក៏បានសំណូមពរឱ្យបង្កើនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័សជាងមុន ធ្វើយ៉ាងណាប្រជាពលរដ្ឋគាត់សប្បាយចិត្ត និងពេញចិត្តទៅលើការផ្ដល់សេវាជូនពួក​គាត់ប្រ​កប​ដោយភាពរហ័ស និងត្រឹមត្រូវជាអ្វីដែលប្រជាពលរដ្ឋចង់បាន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ