រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង
September 15, 2022 អ្នកទស្សនា :

នាថ្ងៃពុធងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ដោយមាន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកជំទាអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង និងសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម លោកជំទាវ ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស ដែលបានឆ្លៀតឱកាសដ៏មមារញឹកអញ្ជើញមកចូលរួម ក្នុងពិធី ប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង នាថ្ងៃនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ កត្តាសន្តិភាព និងស្ថេរភាព នយោបាយនេះហើយ ដែលធ្វើឱ្យខេត្តកោះកុងទទួលបានសមិទ្ធផលធំៗ មានការវិនិយោគ និងមានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈបំផុត ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវន្ត វិស័យវិនិយោគនិងទេសចរណ៍។

បច្ចុប្បន្នខេត្តកោះកុង មានប្រព័ន្ធគមនាគមន៍ស្ពានថ្នល់គ្រប់គ្រាន់ គ្រប់ទីកន្លែងទាំងនៅ ក្នុងទីរួមខេត្ត និងនៅតាមក្រុង ស្រុក ក៏ដូចជានៅមូលដ្ឋានភូមិ ឃុំ ដែលអាចបំរើសេចក្តីត្រូវការរបស់បង ប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ អាចធ្វើដំណើរឬប្រកបអាជីវកម្មផ្សេងៗបានយ៉ាងងាយស្រួល។ ជាងនេះទៅទៀតខេត្តកោះកុង មានប្រភព វារីអគ្គិសនីធំៗចំនួន៣កន្លែង តំបន់សេដ្ឋកិច្ចពិសេសនាង កុក-កោះកុង និងក្រុមហ៊ុនយូញៀន ឌីវឺឡុបមេនថ៏ គ្រុប ខូអិលធីឌី ដែលមានការចាប់អារម្មណ៍ដាក់ទុន ច្រើនជាងគេចូលមកវិនិយោគលើទឹកដីខេត្តកោះកុង។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏ទៃទៀតដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព។ល។ ក៏ដូចជាតំបន់ការពារធម្មជាតិជាច្រើនកន្លែង តំបន់ ទេសចរណ៍ តំបន់ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ រម្យណីដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ។ល។ ត្រូវបាននឹងកំពុងកសាង កែលម្អ អភិរក្ស ថែរក្សា យ៉ាងយកចិត្តទុកដាក់ សំដៅប្រែក្លាយទឹកដីខេត្តកោះកុង ជាទឹកដីន ការទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព ស័ក្តិសមជាខេត្តដែលត្រូវបានប្រសិទ្ធ នាមថាជា “តារារៈនាទិសនិរតី» និងបានទទួលជ័យលាភីជា“ឆ្នេរស្អាតបំផុតលើពិភពលោក»។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះ ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដែលត្រូវបានក្រសួងការពារជាតិតែងតាំង និងបំពាក់ឋានន្តរស័ក្តិ ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង នាឱកាសនេះ ជាមួយនឹងការអបអរសាទរចំពោះ លោកមេបញ្ជាការ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តដែលទើបទទួលបានការតែងតាំងថ្មីនេះ នាងខ្ញុំក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង អតីតមេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយ ឆន្ទៈនិងមនសិការ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងបានចូលរួមចំណែកគ្រប់សកម្មភាពនានា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងមន្ទីរ អង្គភាពនានាជុំវិញខេត្ត។

មុននឹងបញ្ចប់នេះ នាងខ្ញុំស្នើដល់ លោកមេបញ្ជាការ បញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែល ទើបប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ចឲ្យបានស្របតាមស្មារតីនៃ អនុក្រឹត្យ លេខ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថឱ្យបានល្អប្រសើរនិងខ្ជាប់ខ្ជួន និងសូមបន្តប្រពៃណីសាមគ្គីភាព រក្សាទំនាក់ទំនងល្អ និងបន្តកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភាគីពាក់ព័ន្ធ ក្នុងអនុវត្តការងារ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ