លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង
September 14, 2022 អ្នកទស្សនា :

នាថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង។

លោកជំទាវអភិបាល បានលើកឡើងថា ថ្ងៃនេះនាងខ្ញុំពិតជាមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ស្របពេលដែលប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ដូចនេះ យើងទាំងអស់គ្នាត្រូវចងចាំពាក្យថា “អរគុណសន្តិភាព! សូមអរគុណអគ្គស្ថាបនិកនយោបាយឈ្នះឈ្នះ និងសហការីទាំងអស់!“ ព្រោះតែមានសន្តិភាព មានអគ្គស្ថានិកនេះហើយ ទើបយើងទាំងអស់គ្នាមានអ្វីៗដូចសព្វថ្ងៃនេះ! ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងលើសកម្មភាពសង្គម សេដ្ឋកិច្ច។

ក្នុងនោះយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពស៊ាំនៅក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ រហូតដល់អាចបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។ គិតរហូតមកទល់នឹងបច្ចុប្បន្ន យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត សម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និងទាន់ពេល បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង ករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានបញ្ចៀសកម្ពុជាពីគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺ កូវីដ-១៩នេះ ព្រមទាំងធ្វើឱ្យសភាពការណ៍បច្ចុប្បន្ននៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី មានសមត្ថភាពចម្លងបានលឿនជាងមុន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាចកាត់បន្ថយប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។ ទឡ្ហីករណ៍បែបវិទ្យាសាស្រ្ត ដែលបានលើកឡើងនៅក្នុងឯកសារសិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី៦ ទៅ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចំណាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា និងប្រភេទបំប្លែងខ្លួនថ្មីអូមេក្រុង។

តាមរយៈក្រុមការងារស្រាវជ្រាវ បានរកឃើញទៀតថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ វានឹងមិនបង្កឱ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់ដូសជំរុញនេះថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀតផង។ ការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញនូវ “គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ” ដល់ប្រជាជនទូទៅ ចាប់ពីខែសីហា ឆ្នាំ២០២១មកម្លេះ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩ ដោយអនុវត្តតាមគោលការណ៍ដូចខាងក្រោម៖
-គោលការណ៍ស្ម័គ្រចិត្ត
-គោលការណ៍ឥតគិតថ្លៃ
-ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស  
និងតាមទីតាំងភូមិសាស្រ្ត (ស្របតាមអភិក្រម “ផ្ការីក”)
-ការធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ
-យន្តការអនុវត្តគោលនយោបាយ  

រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា ដោយមិនរើសអើង មិនប្រកាន់និន្នាការនយោបាយ មិនតម្រូវឱ្យបង់ថ្លៃសម្រាប់ដូសទី១ ដូសទី២ និងនៅតែបន្តរហូតដល់វ៉ាក់សាំងដូសជំរុញ។ ទន្ទឹមនឹងនេះ ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញនេះ ក៏ដូចជាដើម្បីកាត់បន្ថយបន្ទុកចំណាយថវិកាជាតិ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងអំពាវនាវដល់ប្រជាជនដែលមានលទ្ធភាពគ្រប់គ្រាន់ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះ នៅតាមគ្រឹះស្ថានសុខាភិបាលឯកជន ដែលទទួលបានការអនុញ្ញាតឱ្យផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ដោយឡែក បណ្តារោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមចំណែក ចែករំលែកបន្ទុកចំណាយជាមួយរាជរដ្ឋាភិបាល

ក្នុងការផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញនេះដល់បុគ្គលិក និងកម្មករ-និយោជិករបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មនានា ដើម្បីធានាបានសុវត្ថិភាព និងនិរន្តរភាពនៃកិច្ចដំណើរការផលិតកម្មជាប្រក្រតីនៅក្នុងរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួន។ 

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំក្នុងបេសកកម្មផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាជនក្នុងខេត្តកោះកុង។ លទ្ធផលចាក់វ៉ាក់សាំងសម្រេចបាន នាពេលនេះ គឺអាស្រ័យដោយការខិតខំប្រឹងប្រែង តស៊ូ  លះបង់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យជួរមុខ និងការចូលរួមពីភាគីអ្នកពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមដោយស្ម័គ្រចិត្តមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីបើកយុទ្ធនាការចាក់វ៉ាក់សាំង ដំបូងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ន អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អ.គ.វ.ក-១៩)ខេត្តកោះកុង សម្រេចបានលទ្ធផល៖ ដូសមូលដ្ឋានសម្រេចបានលើស ១០០% ដោយឡែកដូសជំរុញ ទទួលបានភាគរយៈទាប នៅមិនទាន់បានដល់គោលដៅនៅឡើយទេ។  ដូចនេះកម្មវិធីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីយើងពិភាក្សាគ្នា ស្វែករកវិធីសាស្ត្រ និងរៀបចំផែនការលើកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេស ដូសជំរុញទី៣ ទី៤ និងទី៥ ក្នុងភូមិសាស្រ្តខេត្តកោះកុង ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ពេលវេលាសមល្មមហើយ នាងខ្ញុំសូមប្រកាសបើក កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ